ចែកគ្នាដឹង! ស្ពានបេតុងខ្សែកាប្លិ៍កោះពេជ្រ-កោះនរា គ្រោងដាក់ឱ្យប្រើប្រាស់បណ្ដោះអាសន្នថ្ងៃ ២៧ តុលានេះ
នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC អញ្ជើញចូលរួមក្នុងពិធីតភ្ជាប់តួស្ពាន នារសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ នៅចំណុចស្ពានបេតុងខ្សែកាបត្រើយខាងលិច (កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ក្នុងនោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរានេះ គ្រោងនឹងដាក់ឱ្យប្រជាពលរដ្ឋបានធ្វើដំណើរ ឆ្លងកាត់ជាបណ្ដោះអាសន្ននៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣។
ការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងស្នើសុំទៅសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញសម្តេចជាអធិបតីភាពក្នុងពិធីដាក់ឱ្យធ្វើរាចរណ៍លើស្ពាននេះជាបណ្តោះអាសន្ន ដើម្បីចូលរួមអបអរសាទរបុណ្យអុំទូកបណ្ដែត ប្រទីបសំពះព្រះខែ។ ឯកឧត្តមបន្តថា ការបើកឱ្យដំណើរការធ្វើចរាចរណ៍នៅស្ពាននេះ វានឹងកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស។
សូមបញ្ជាក់ថា ស្ពាននេះមានប្រវែង ៨២៤ ម៉ែត្រ និង ទទឹង ២៤ ,៥០ ម៉ែត្រ ហើយ មាន ៤ គន្លងគឺ ២ គន្លង សម្រាប់រថយន្ត ១ គន្លង សម្រាប់ម៉ូតូ និង ១ គន្លង ទៀតសម្រាប់អ្នកថ្មើរជើង។ ស្ពានកោះនរា ឆ្ពោះទៅកោះពេជ្រនេះ បានបើកការដ្ឋានដំណើរការសាងសង់កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ តាមការប៉ាន់ស្មានត្រូវប្រើពេល ៣៥ ខែ ដើម្បីស្ថាបនា និង ចំណាយទុនវិនិយោគ ៣៨ លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕