សូមជ្រាប! ថ្ងៃសែនឆ្នាំចិន នៅភ្នំពេញហាមដុតផាវ កាំជ្រួច ការហែក្បួនផ្សេងៗដែលគ្មានការអនុញ្ញាត
រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលថ្មីប្រពៃណីចិន និង វៀតណាម។
ក្នុងនោះ ខាងរដ្ឋបាលរាជធានី បានបញ្ជាក់ឱ្យបានដឹងថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និង វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ខែមករា ដល់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និង សាធារណជនក្នុងរាជធានីភ្នំពេញដោយហាមដាច់ខាតនូវចំណុចមួយចំនួនដូចជា ៖
– មិនឱ្យមានការដុតផាវ កាំជ្រួច ឬ បង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ
– មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ
– ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬ ប្រពៃណីដែលគ្មានការអនុញ្ញាត។
ក្នុងនោះ នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និង ត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែក ការដុតក្រដាសសែនត្រូវប្រើធុងដែក ឬ ឆ្នាំងដី ដើម្បីដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬ ទ្រូងផ្លូវសាធារណៈ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖