តារាស្រីរឹងមាំ! តូតា ឆ្ងាយពីអាជីពសិល្បៈ ងាកមកធ្វើជាមេផ្ទះថែប្តី និង កូនសាងសុភមង្គលគ្រួសារ ហើយគ្រប់គ្រងជំនួញទៀត
ជាទូទៅប្រិយមិត្តអ្នកនិយមតាមដានជីវិតតារាសិល្បៈខ្មែរ តែងជ្រាបច្បាស់ហើយថា ចាប់តាំងពីតារាសម្ដែងស្រីសាច់សខ្ចី តូតា សម្រេចចិត្តកាន់ដៃស្វាមីអាយុបងនាងដល់ទៅជាងមួយជួរចូលរោងការមក នាងបានធ្វើឱ្យនារីជាច្រើនច្រណែន ព្រោះថានាងមិនត្រឹមតែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីប្ដីសម្លាញ់ទេ តែក៏ទទួលបានកាដូមានតម្លៃថ្លៃៗញឹកញាប់ ដូចជារថយន្តទំនើប ជាដើម ។
កន្លងមកតារាសម្ដែងស្រីរូបស្រស់ ម៉ាក សែនសូនីតា ហៅ តូតា បានទម្លាយពីសុភមង្គលនៅលើបណ្ដាញសង្គមថា នាងជាប្រពន្ធដែលមានសំណាងខ្លាំងណាស់ដែលបានលោក ប៉ុល វិបូ ជាស្វាមី ព្រោះលោកមិនត្រឹមពូកែរកស៊ី និង ចេះផ្គាប់ចិត្តប្រពន្ធទេ ថែមទាំងចេះមើលថែកូនបានយ៉ាងល្អថែមទៀតផង ហើយជារឿយតែងបាននាំនាងទៅដើរកម្សាន្តទីនេះទីនោះថែមទៀត។
បន្ទាប់ពីទទួលបានកូនប្រុស ២ នាក់ តារាសម្ដែងស្រី តូតា បានផ្អាកការងារសិល្បៈ ដោយមកធ្វើជាមេផ្ទះល្អ និង ផ្តោតលើការធ្វើជំនួញជាច្រើនវិញ ដូចជា ហាងលក់មាសពេជ្រ ជាដើម។ ជារឿយៗតារាស្រីរូបនេះតែងបង្ហោះរូបភាពក្រុមគ្រួសារ និង សកម្មភាពជាមួយកូនៗ ព្រមទាំងឆ្លៀតពេលទៅមើលរបររកស៊ី ជាដើម។ ជាពិសេស មហាជនសង្កេតឃើញជីវិតរបស់តារាស្រីរូបនេះរស់នៅលើគំនរទ្រព្យ និង សុភមង្គលជាខ្លាំង។
យ៉ាងណាមិញ និយាយពីរូបសម្រស់វិញ ទោះបីក្លាយជាអ្នកម្តាយរបស់គេក៏ពិតមែន តែតារាសម្តែង តូតា នៅតែមានសម្រស់ស្អាតក្មេងជាងវ័យ ជាពិសេសមួយរយៈចុងក្រោយនេះគេឃើញថានៅពេលដែលនាងបង្ហោះរូបភាពម្តងៗ គឺមានអ្នកគាំទ្រចូលទៅបញ្ចេញមតិស្ញើចសរសើរមិនដាច់ឡើយ៕