ថ្មីៗនេះ Phinyo Phongcharoen ប្រធានសមាគមហោរាសាស្រ្តអន្តរជាតិនៅថៃ បានទម្លាយឱ្យដឹងថា នៅសកលវិទ្យាល័យមួយ បានអនុម័តឱ្យមានការសិក្សាបរិញ្ញាប័ត្រខាងព្យាករណ៍ទស្សន៍ទាយហើយ ដើម្បីឱ្យអ្នករៀនចេញមកក្លាយជាគ្រូទាយស្របច្បាប់។

លោកបានទម្លាយឱ្យដឹងទៀតថា ផ្នែកនេះត្រូវរៀនចំនួន ៤ ឆ្នាំ ហើយមិនមែនរៀនត្រឹមតែមុខជាវិជ្ជាហោរាសាស្រ្តប៉ុណ្ណោះទេ តែត្រូវរៀនតារាសាស្រ្ត គណិតវិទ្យា ភូមិវិទ្យា ស្ថិតិ ចិត្តវិទ្យា និង វិទ្យាសាស្រ្តសង្គមថែមទៀតផង។

លោកមិនបានទម្លាយថាជាសកលវិទ្យាល័យណាមួយទេ តែមហាជនក៏នាំគ្នាសង្ស័យថាជាសកលវិទ្យាល័យ Eastern University of Management and Technology ព្រោះសកលវិទ្យាល័យនេះ ធ្លាប់មានបើកបង្រៀនវគ្គខ្លីទាក់ទងនឹងផ្នែកទស្សន៍ទាយនេះមកម្តងហើយ។ ដោយឡែក ការអនុម័តនេះ មហាជនមួយចំនួនបានគាំទ្រ ព្រោះគ្រូទាយក៏ជាអាជីពចិញ្ចឹមជីវិតមួយ ដែលសុចរិតផងដែរ៕

ប្រភព៖ Khaosod