នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ នេះ តាមរយៈគណនីវេជ្ជបណ្ឌិត ណូ សុភា នាយករងមន្ទីរពេទ្យជាតិតេជោសន្តិភាព បានបង្ហាញពីទិដ្ឋភាពក្នុងមន្ទីរពេទ្យ ក្នុងការរៀបចំត្រៀមសម្រាប់ទទួលអ្នកជំងឺកូវីដ-១៩ ករណីប្រសិនបើមានការផ្ទុះរាលដាលខ្លាំងនាពេលខាងមុខ។
ក្នុងនោះ លោកវេជ្ជបណ្ឌិត និង ជានាយករងមន្ទីរពេទ្យ បានមានប្រសាសន៍ភ្ជាប់នឹងរូបភាពឱ្យដឹងថា ៖ «ដោយមានការកម្រើកឡើងវិញនៃជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានរៀបចំទីកន្លែងរបស់ខ្លួន ត្រៀមទទួលអ្នកជំងឺប្រសិនបើមានការផ្ទុះរាលដាលខ្លាំងនាពេលខាងមុខ ដូច្នេះសូមបងប្អូនពូ មីង ចូលរួមការពារសុខភាពខ្លួនឯងឱ្យបានល្អ»។
គួរឱ្យដឹងផងដែរថា តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលស្ដីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា តួលេខគឺពុំមានអ្នកឆ្លងជំងឺកូវីដ-១៩ នោះឡើយ ខណៈកាលពី ៥ ទៅ ៦ ថ្ងៃកន្លងទៅ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១ នាក់ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ដែលគិតចាប់តាំងពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ មក៕