ថ្មីៗនេះមានករណីដ៏មិននឹកស្មានមួយបានកើតឡើងនៅប្រទេសចិន ដែលមានប្តីប្រពន្ធមួយគូ ចេញទៅហូបអីនៅខាងក្រៅ ឯប្តីចេះតែលួចសម្លឹងស្រីស្អាតនៅក្បែរតុ ប្រពន្ធខឹងពេកទ្រាំមិនបានក៏លើកឆ្នាំងស៊ុបក្តៅជះលើមុខនាងគួរឱ្យរន្ធត់។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងនៅក្នុងហាងស៊ុបមួយកន្លែងនៅឯប្រទេសចិន ដោយដំបូងឡើយ ប្តីប្រពន្ធមួយគូនេះបាននាំគ្នាចូលមកហូបស៊ុបនៅក្នុងហាងនេះ។ ក្នុងនោះ បុរសជាប្តីបានលួចសម្លឹងនារីម្នាក់នៅក្បែរតុជារឿយៗ ដែលធ្វើឱ្យស្រ្តីជាប្រពន្ធកើតការមិនពេញចិត្ត ហើយខណៈហូប និង គិតលុយរួចរាល់ ពួកគេក៏បានចេញទៅឈ្លោះទាស់ទែងគ្នានៅខាងក្រៅ។ មួយសន្ទុះក្រោយមក ស្រ្តីជាប្រពន្ធក៏បានដើរចូលមកក្នុងហាងវិញ ហើយធ្វើជានិយាយជាមួយបុគ្គលិក លុះម្នាក់ៗភ្លេចខ្លួនបន្តិច ស្រាប់តែនាងក៏បានលើកឆ្នាំងស៊ុបដែលកំពុងក្តៅ ទៅជះលើនារីដែលប្តីលួចមើលមុននេះតែម្តង។
យ៉ាងណាមិញ នារីរូបនោះបានស្រែកដោយក្តីឈឺចាប់ រីឯភ្ញៀវៗនៅក្នុងហាងក៏បាននាំគ្នារត់ចេញដោយការភិតភ័យ ចំណែកឯស្រ្តីដែលជាជនបង្កក៏បានរត់គេចខ្លួនបាត់ ក្រោយពីបង្កហេតុហើយ។ តែទោះជាយ៉ាងណាក៏ដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងហាងបានចាប់សកម្មភាពរបស់នាងទាំងអស់ ហើយខាងប៉ូលិសនឹងធ្វើការស្រាវជ្រាវចាប់ខ្លួននាងដើម្បីមកដោះស្រាយតាមផ្លូវច្បាប់ផងដែរ៕
ប្រភព៖ Sanook