នាពេលថ្មីៗនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានចែករំលែកពីនីតិវិធី នៃការស្នើសុំផ្ទេរកម្មសិទ្ធិរថយន្ត ក្នុងករណីដែលរកម្ចាស់ដើមមិនឃើញ។
ជាក់ស្ដែង ចំពោះការស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ក្នុងករណីរកម្ចាស់ដើមមិនឃើញ តម្រូវឱ្យម្ចាស់រថយន្តគ្រប់ប្រភេទ ត្រូវភ្ជាប់ឯកសារតម្រូវមកក្រសួងមានដូចជា៖
– ពាក្យសុំផ្ទេរកម្មសិទ្ធិយានជំនិះមានផ្តិតស្នាមមេដៃអ្នកស្នើសុំ និង មានបិតសំណៅលេខកាល់ (តួ ឬ សាក់ស៊ី) ដែលបានចម្លងជាក់ស្តែងពីយានយន្ត
– បណ្ណសម្គាល់យានយន្ត (ច្បាប់ដើម) និង ផ្លាកលេខសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្ត)
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
– អត្តសញ្ញាណបណ្ណអ្នកលក់ និង អ្នកទិញ (លិខិតឆ្លងដែន និង លិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយអាជ្ញាធរមានសមត្ថកិច្ច ករណីជនបរទេស)
– លិខិតស្នើសុំពីអង្គភាព ឬ ស្ថាប័នសាមី (ចំពោះផ្លាកលេខអង្គភាព)
– បង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្ត
– លិខិតទិញ-លក់
– កិច្ចសន្យាធានាដែលមានបញ្ជាក់ពីសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាល។
ចំពោះការផ្ទេរកម្មសិទ្ធិនេះផងដែរ អាចធ្វើបាននៅទីតាំងដែលមានដូចជា ៖
– មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានី-ខេត្ត (តាមអាសយដ្ឋានរបស់ម្ចាស់ចុងក្រោយ)
– មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួង មាននៅផ្សាទំនើបអ៊ីអនទី ១, ២, ៣ , មណ្ឌលផ្តល់សេវាសាធារណៈ នៅទីស្តីការក្រសួង, មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួង នៅផ្សាទំនើបហ្វូរ៊ី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
– មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងនៅផ្សាទំនើប ហ័ររឺធេចវ៉ក់ ក្រុងសៀមរាប ខេត្តសៀមរាប
សម្រាប់ព័ត៌មានលម្អិតបន្ថែម អាចទាក់ទងលេខប្រឹក្សាយោបល់ លើសេវាសាធារណៈ 1275 ឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ៕
ប្រភព ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន