កន្លងទៅថ្មីៗនេះ មានករណីរបស់បុរសម្នាក់នៅប្រទេសវៀតណាម បានខូចសរសៃប្រសាទ និង បានធ្វើឱ្យវៀចមុខវៀចមាត់ ដែលតាមព័ត៌មានគឺបង្កឡើងមកពីការងូតទឹក ក្រោយពីបុរសម្នាក់នោះបានផឹកស្រារួច។

តាមព័ត៌មានបានឱ្យដឹងថា មានថ្ងៃមួយបុរសរូបនេះបានចេញទៅផឹកស៊ីជាមួយនឹងមិត្តរួមការងារដល់យប់ជ្រៅ លុះត្រឡប់មកផ្ទះវិញរូបគេបានចូលងូតទឹកសម្អាតខ្លួនមុនចូលទៅសម្រាក។ យ៉ាងណាមិញ ពេលភ្ញាក់ឡើងនៅពេលព្រឹក ស្រាប់តែមានអារម្មណ៍ថាស្ពឹកផ្ទៃមុខមួយចំហៀង និង វៀចមាត់ខុសប្រក្រតី ទើបប្រញាប់ទៅមន្ទីរពេទ្យ។

តាមរយៈលទ្ធផលថត MRI គ្រូពេទ្យបានបញ្ជាក់ថា វាមិនបណ្តាលមកពីជំងឺដាច់សរសៃឈាមខួរក្បាលនោះទេ តែបណ្តាលមកពីខូចសរសៃប្រសាទលេខ ៧ ដែលការខូចនេះបង្កមកពីការប៉ះពាល់ជាមួយនឹងភាពត្រជាក់ខ្លាំងពេក ឬ ជំងឺត្រចៀក ច្រមុះ បំពង់-ក ដែលព្យាបាលមិនបានល្អ។
ចំណែកករណីរបស់បុរសរូបនេះ គឺបណ្តាលមកពីការប៉ះជាមួយនឹងភាពត្រជាក់នៅពេលងូតទឹក ជាពិសេសបន្ទាប់ពីផឹកស្រារួច ខណៈសរសៃកំពុងតែរីកស្រាប់ផង។ យ៉ាងណាមិញ អ្នកជំនាញបានឱ្យដឹងថា ការងូតទឹកក្រោយពីផឹកគ្រឿងស្រវឹងជាទម្លាប់គ្រោះថ្នាក់ខ្លាំងណាស់ ព្រោះវាអាចប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល និង បង្កើនសម្ពាធឈាម៕

ប្រភព៖ Sanook