ស្ថិតនៅចម្ងាយប្រមាណជាង ៣០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តក្រចេះ ត្រូវបានគេស្គាល់ថាជាទឹកដីទេសចរណ៍ដ៏សែនមនោរម្យ ដ្បិតថាមានសត្វផ្សោតច្រើនអនេកនៅអន្លង់ផ្សោតកាំពី មានវិហារសសរ ១០០ និង កោះទ្រង់ ជាទីសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិទៅទស្សនាកម្សាន្ត។
ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមលើកយកនូវកន្លែងកម្ហែកម្សាន្តថ្មីមួយដ៏ស្រស់ស្អាត ក្នុងទឹកដីខេត្តក្រចេះ ដែលពុំសូវមានអ្នកស្គាល់ និង បានទៅដល់នោះឡើយ ដែលនៅទីនោះមានឈ្មោះថា «ស្ពានព្រែកតេ»។
«ស្ពានព្រែកតេ» មានទីតាំងស្ថិតនៅភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅទីនោះមានកញ្ចុះសាងសង់ឡើង នៅលើផ្ទៃទឹកដែលកំពុងហូរកាត់ផ្ទាំងថ្ម នៅពីក្រោមស្ពាន ដែលអមទៅដោយដើមឈើព័ទ្ធជុំវិញ គួរជាទីគយគន់ និង សម្រាកលម្ហែកាយ។ ទីនេះស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តស្តាប់សំឡេងទឹកហូរ បង់ត្រី មើលធម្មជាតិ និង ជជែករឿងក្នុងចិត្ត ជាដើម៕
រូបភាព ៖ មន្ទីរទេសចរណ៍ ខេត្តក្រចេះ