នាពេលថ្មីៗនេះ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចែករំលែកនូវដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋ ក្នុងករណីពលរដ្ឋមានជំងឺធ្ងន់ ឬ ចាស់ជរា ឬ ពិការភាព ដែលចង់ធ្វើសេវាលិខិតឆ្លងដែន ដោយពួកគាត់អាចស្នើសុំមន្ត្រីចុះផ្តល់សេវាដល់ទីតាំងបាន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ពីការស្នើសុំផ្ដល់សេវាលិខិតឆ្លងដែនក្រៅទីតាំងផ្លូវការ ឬ ទៅដល់ទីតាំងរបស់សាមីខ្លួន ឱ្យបានដឹងថា ចំពោះប្រជាពលរដ្ឋមានជំងឺធ្ងន់ ឬ ចាស់ជរា ឬ ពិការភាព ដែលពុំអាចធ្វើដំណើរទៅកាន់ទីតាំងផ្ដល់សេវាដោយផ្ទាល់បាន សមាជិកគ្រួសារ ឬ តំណាងអាចដាក់ពាក្យស្នើសុំទៅកាន់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដោយភ្ជាប់ជាមួយសំបុត្របញ្ជាក់ពីពេទ្យ ឬ រូបថតអំពីស្ថានភាពនៃអ្នកជំងឺ ឬ ស្ថានភាពអ្នកស្នើសុំ។ ក្នុងករណីនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងពិនិត្យចាត់ក្រុមការងារចុះផ្តល់សេវាដល់ទីតាំងរបស់សាមីខ្លួនដោយពុំគិតកម្រៃសេវាបន្ថែម សម្រាប់ទីតាំងនៅក្នុងរាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬ សាកសួរព័ត៌មាន ឬ ទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃចន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ ដែលមានមន្ត្រីជំនាញរង់ចាំទទួលផ្តល់ព័ត៌មាន និង ដោះស្រាយជូន៕