នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ សារព័ត៌មាន Irrawady បានរាយការណ៍ឱ្យដឹងថា មានប្រជាជនមីយ៉ាន់ម៉ាប្រមាណជាង ១០០ នាក់ កំពុងតែតម្រង់ជួរឈរចាំបង់ពន្ធ និង ប្រគល់អត្តសញ្ញាណប័ណ្ណឱ្យទៅស្ថានទូតមីយ៉ាន់ម៉ាក្នុងប្រទេសសិង្ហបុរីវិញ ក្រោយពីមានសិទ្ធិទទួលបានសញ្ជាតិជាជនជាតិសិង្ហបុរី។
ដោយឡែក ខាងស្ថានទូតមីយ៉ាន់ម៉ាប្រចាំប្រទេសសិង្ហបុរី បានឱ្យដឹងថា មកទល់ពេលនេះ មានប្រជាជនមីយ៉ាន់ម៉ាចំនួន ២៧៨ នាក់ទៅហើយ ដែលបានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិដើមរបស់ខ្លួនប្រគល់ឱ្យស្ថានទូតវិញ ក្រោយពីពួកគេបានទទួលសញ្ជាតិជាជនជាតិសិង្ហបុរី។
យ៉ាងណាមិញ ព័ត៌មានបានឱ្យដឹងទៀតថា ប្រជាជនមួយចំនួនសម្រេចចិត្តធ្វើដូច្នេះ ព្រោះតែមិនចង់បង់ពន្ធឱ្យរបបយោធានៅក្នុងប្រទេសតទៅទៀត ឯអ្នកខ្លះទៀតក៏លែងចង់ត្រឡប់ទៅប្រទេសកំណើតវិញ ព្រោះតែមិនចេញចិត្តនឹងរបបយោធាដែលកំពុងកាន់កាប់អំណាច៕
ប្រភព៖ Khaosod