កោះអណ្ដើក តំបន់ទេសចរណ៍ដ៏ទាក់ទាញនៅតៃវ៉ាន់ បានដាច់បាក់ក្បាល ក្រោយគ្រោះរញ្ជួយដីវាយប្រហារ
កោះ Guishan ឬ កោះអណ្ដើក (Turtle Island) ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយប្រចាំកោះតៃវ៉ាន់ បានដាច់បាក់ក្បាលធ្លាក់ចូលសមុទ្រ ខូចទ្រង់ទ្រាយដើម ក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ វាយប្រហារ កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។
កាលពីព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់) គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រមួយ ដែលមានចំណុចកណ្ដាលនៅភាគខាងកើតកោះតៃវ៉ាន់ និងនៅជម្រៅ ១៥.៥ គីឡូម៉ែត្រ បានបណ្ដាលឱ្យអគារជាច្រើននៅក្រុង Hualien បានដួលរលំ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៩ នាក់ស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតរងរបួស។
ជាមួយគ្នានោះដែរ បើតាមការចេញផ្សាយរបស់ទូរទស្សន៍តៃវ៉ាន់ TVBS បានឱ្យដឹងដែរថា ជម្រាលថ្មភ្នំដែលជាផ្នែកក្បាលនៃកោះអណ្ដើក ក៏ត្រូវបានបាក់ខ្ទេចចូលសមុទ្រផងដែរ ក្រោយគ្រោះរញ្ជួយដីវាយប្រហារនោះ។ គួរឱ្យដឹងថា កោះអណ្ដើក មានទីតាំងស្ថិតនៅចម្ងាយ ១០ គីឡូម៉ែត្រភាគខាងកើតក្រុង Toucheng និងត្រូវជាកោះធំជាងគេបំផុតមួយនៅតំបន់ Yilan ភាគឦសានកោះតៃវ៉ាន់។
កោះមួយនេះដែរ ទាក់ទាញភ្ញៀវទេសចរឱ្យទៅកម្សាន្តយ៉ាងច្រើន ដោយសារតែរូបរាងនៃកោះមួយនេះ គឺដូចជាអណ្ដើកកំពុងហែលក្នុងសមុទ្រ។ យ៉ាងណាមិញ ឥលូវតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនេះ បានខូចទ្រង់ទ្រាយដើមហើយ ដោយសារតែរងការវាយប្រហារពីគ្រោះធម្មជាតិដ៏សាហាវ កាលពីពេលថ្មីៗកន្លងទៅ៕