មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាជួយចែករំលែកស្វែងរកដំណឹងបន្តគ្នាព្រោងព្រាត បន្ទាប់ពីស្ត្រីជាម្ដាយមួយរូប បានបង្ហោះរូបភាពកូនប្រុស ភ្ជាប់ជាមួយសារដង្ហោយហៅកូនប្រុសឱ្យត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានបាត់ចេញពីផ្ទះ នៅរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥។
ទាក់ទិនទៅនឹងករណីនេះ តាមរយៈគណនីស្ត្រីជាម្ដាយដែលមានឈ្មោះ Ratha Thai បានបង្ហោះរូបភាពកូនប្រុសភ្ជាប់ជាមួយសារថា ៖ «បើបងប្អូនប្រទះឃើញក្មេងដូចក្នុងរូបនេះ សូមជួយផ្ដល់ដំណឹងឱ្យនាងខ្ញុំផង កូនខ្ញុំឈ្មោះ វង្ស ខេវីត អាយុ ១២ ឆ្នាំ បានបាត់ចេញពីផ្ទះ ប្រហែលម៉ោង ១ រសៀល ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ ដោយជិះម៉ូតូហុងដាឌ្រីម ២០២០ ពណ៌ខ្មៅស្លាកលេខ 1Al 6113 យើងខ្ញុំនឹងមានជូនជាសគុណ។ តាមរយៈលេខ 0887030574 ឬ 0884157019 និង 0963103897»។
យ៉ាងណាមិញ មុនពេលចាកចេញ ក្មេងប្រុសខាងលើបានបន្សល់ទុកនូវសំបុត្រមួយច្បាប់មានអត្ថន័យដូចតទៅ ៖ «ខ្ញុំសូមទោសរឿងគ្រប់យ៉ាងដែលខ្ញុំធ្វើ ខ្ញុំមិនហ៊ាននៅទៀតទេ ខ្ញុំទៅនៅខាងក្រៅហើយ ហើយមិនបាច់ភ័យទេ ២-៣ ឆ្នាំទៀតខ្ញុំមកវិញហើយ។ ខ្ញុំសូមទោសផងដែលទៅមិនប្រាប់ មិនមែនខ្ញុំខឹងរឿងយាយឯងទេ បើចង់ដឹងរឿងឆាតសួរអ្នកគ្រូទៅ។ សូមទោសអ្នកទាំងអស់គ្នា Bye»៕