លីវ ជីលី ប្រកាសថានេះជាការខិតខំលើកចុងក្រោយក្នុងវិស័យបវរកញ្ញា ហើយសុំឱ្យអ្នកជំនាន់ក្រោយស្រឡាញ់គ្នា កុំវាយឫក និង ឈប់ខ្មឺត
នៅក្នុងវិស័យបវរកញ្ញា គេចាត់ទុកថា កញ្ញា លីវ ជីលី គឺជាបវរកញ្ញាដែលជោគជ័យ មានមហាជនស្រឡាញ់គាំទ្រច្រើនផុសផុលមួយរូប ដោយកន្លងមក ជីលី ជាម្ចាស់មកុដ Miss Grand Cambodia 2020 មានឱកាសចេញទៅប្រកួតលើឆាកអន្តរជានាប្រទេសថៃ ហើយនៅឆ្នាំ ២០២៣ នេះ ជីលី ទទួលបានសមិទ្ធផលដ៏ធំថ្មីមួយទៀត គឺក្លាយជាម្ចាស់កមុដ Miss Supranational Cambodia 2023។
ភាពជោគជ័យពីមួយឆ្នាំទៅមួយឆ្នាំរបស់ លីវ ជីលី ធ្វើឱ្យនាងមានបទពិសោធកាន់តែច្រើន ហើយក៏អាចឈរជើងកាន់តែរឹងមាំក្នុងវិស័យបវរកញ្ញាមួយនេះ។
ដោយឡែកនៅសុខៗ លីវ ជីលី ហាក់ធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង ខណៈនៅសុខៗ ស្រីស្អាតរូបនេះ បានបង្ហោះសារប្លែកលើហ្វេសប៊ុកផេកផ្លូវការថា ៖ «ខ្ញុំខិតខំក្នុងវិស័យបរវកញ្ញាមួយនេះជាលើកចុងក្រោយហើយ ចំណាយទៅលើពេលវេលា ថវិកា ការតស៊ូ អត់ធ្មត់ ប្រឹងប្រែង រឹងមាំក្លាហាន ជម្នះគ្រប់ឧបសគ្គ គឺដើម្បីប្រជាជនកម្ពុជា និង ប្រទេសកម្ពុជា គោលដៅរបស់ខ្ញុំគឺចង់ឱ្យប្រទេសខ្ញុំរីកចម្រើនគ្រប់វិស័យ នេះជាផ្នត់គំនិត និង មហិច្ឆតារបស់នាងខ្ញុំ»។
ជីលី បន្ថែមថា ៖ «តែសូមសំណូមពរដល់បងប្អូនយើងនៅក្នុងសិល្បៈជំនាន់ក្រោយ ត្រូវចេះស្រឡាញ់គ្នា រៀនបើកចិត្ត កុំឫកពៀរ ខ្មឺតមានតែឯង ត្រូវចេះស្រឡាញ់គ្នា យោគយល់គ្នា រួបរួមគ្នា ចែករំលែកបទពិសោធជូនគ្នាទៅវិញទៅមក យើងត្រូវតែព្យាយាមធ្វើជាទឹកកន្លះកែវ ដូចពាក្យសុភាសិតមួយតែងពោលថា (ងើយស្កក ឱនដាក់គ្រាប់) ទោះថ្ងៃនេះយើងមិនជោគជ័យ នៅមានថ្ងៃក្រោយ ពេលដែលយើងតស៊ូយើងនឹងទទួលបានជោគជ័យជាមិនខាន បំណងល្អពីនាងខ្ញុំ Chily Tevy ជីលី ទេវី»៕