នាពេលថ្មីៗនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឆ្លើយតបទៅនឹងសំណួរដែលបានសួរច្រើនជាងគេប្រចាំខែឧសភា ដែលបានសួរថា ៖ «តើបាត់ប័ណ្ណសម្គាល់រថយន្តលេខពិសេសផ្ទាល់ខ្លួន (កម្ពុជា) អាចស្នើសុំ (ទុតិយតា) បានទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?»។
ក្នុងនោះ ក្រសួងបានឆ្លើយតបបញ្ជាក់ឱ្យដឹងថា ក្នុងករណីបាត់បណ្ណសម្គាល់រថយន្តលេខពិសេសផ្ទាល់ខ្លួន (កម្ពុជា) គឺអាចស្នើសុំថ្មីឡើងវិញបាន (ទុតិយតា) ដោយត្រូវមានឯកសារតម្រូវដូចជា ៖
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
– ពាក្យសុំទុតិយតាប័ណ្ណសម្គាល់យានជំនិះ (មានបិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង)
– ពាក្យបណ្តឹងមានបញ្ជាក់ពីប៉ុស្ដិ៍នគរបាលរដ្ឋបាល
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)
ចំពោះកម្រៃសេវា សម្រាប់បណ្ណសម្គាល់ (លេខរាជធានី-ខេត្ត) មានតម្លៃ ៣៦.០០០ រៀល ចំណែកឯបណ្ណសម្គាល់ (លេខពិសេសផ្ទាល់ខ្លួន) ៦០.០០០ រៀល។ សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងទៅកាន់ Hotline លេខ 1275៕