នាពេលថ្មីៗនេះ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចែករំលែកចំណេះដឹងទូទៅពាក់ព័ន្ធទៅនឹងទីតាំងសម្រាប់ទទួលសេវាអត្តសញ្ញាណប័ណ្ណ ដែលក្រៅពីផ្សារទំនើបអ៊ីអន ២ និង អ៊ីអន ៣ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ។
លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ឱ្យដឹងថា ៖ «ពលរដ្ឋដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ អាចអញ្ជើញទៅធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅប៉ុស្តិ៍នគរបាលសង្កាត់ ឬ អធិការដ្ឋាននគរបាលខណ្ឌ ឬ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយពុំចាំបាច់ទៅអ៊ី ២ ឬ អ៊ីអន ៣ ទេ»។
ដោយឡែក សម្រាប់ពលរដ្ឋមកពីគ្រប់រាជធានី-ខេត្តវិញ ចង់ទទួលសេវាធ្វើថ្មី បន្តសុពលភាព ខូច ឬ កែតម្រូវអត្តសញ្ញាណប័ណ្ណ អាចធ្វើឡើងនៅទីតាំងចំនួន ៣ នៅរាជធានីភ្នំពេញ ដែលមានទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅផ្សារទំនើបអ៊ីអន ២ (Aeon2) , ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅផ្សារទំនើបអ៊ីអន ៣ (Aeon3) និង នាយកដ្ឋានអត្តសញ្ញាណប័ណ្ណ ដែលមានទីតាំងស្ថិតនៅក្រោយវត្តនិរោធ៕
ប្រភព ៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង