មកទល់ពេលនេះ ស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា ថៃ ហាក់នៅមិនទាន់មានការធូរស្បើយនៅឡើយទេ ព្រោះតែខាងភាគីថៃនៅតែមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភី ហើយថែមទាំងបន្តបិទគ្រប់ច្រកទាំងអស់នៅតាមព្រំដែន មិនឱ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិឆ្លងកាត់ទេ លើកលែកតែសិស្សសាលា និង អ្នកជំងឺ។
ដោយឡែក ថ្មីៗនេះគេសង្កេតឃើញថា តាំងពីមានជម្លោះព្រំដែនមក ប្រជាជនថៃជាច្រើនបានភ្លូកទឹកភ្លូកដីទៅលេងប្រាសាទតាមាន់ធំ ដែលត្រូវបានឈរជើងទាហានទាំងពីរភាគី គឺខ្មែរ និង ថៃ។ ក្នុងនោះដែរ គេក៏ឃើញមានព្រះសង្ឃជាច្រើនអង្គដែលចេះអាគមអូមអាម តែងតែបាននាំយកខ្សែចង្កេះ និង វត្ថុស័ក្តិសិទ្ធិមួយចំនួនទៅឱ្យទាហានថៃដែលឈរជើងនៅទីនោះសឹងតែរាល់ថ្ងៃ ដោយក្នុងបំណងជំនួយស្មារតី និង ការពារពីភ័យអន្តរាយ។
យ៉ាងណាមិញ ក្នុងនោះមានប្រជាជនខ្មែរជាច្រើនបាននាំគ្នាទៅលេងទស្សនាប្រាសាទតាមាន់ធំដូចគ្នា តែមើលទៅភាគីថៃហាក់មិនសូវពេញចិត្តប៉ុន្មានទេ ទាំងដែលប្រាសាទតាមាន់ធំ មានទាហានទាំងពីរភាគីឈរជើងរួម៕
ប្រភព៖ Bangkokbiznews