កាលពីឆ្នាំ ២០១៩-២០២០ ស្ថិតក្នុងវ័យ ៨០ ប្លាយ លោកតា កែវ សាន់ ដែលមានរហ័សនាម ជាងគំនូរវត្តភ្នំ និង ជាអតីតជាងគំនូររោងកុនដ៏ល្បីល្បាញ ក្នុងយុគសម័យមាសជំនាន់ទ.វទី ៦០ និង ៧០ ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សារអំពីខ្សែជីវិត និង អាជីពរបស់លោក ដែលលោកនៅតែបន្តជាជាងគំនូរឥតឈប់ឈរ ទោះឈានដល់វ័យជ្រេទ្រុឌទ្រោមទៅហើយក្តី។ ក្រោយស្ងប់ស្ងាត់តែប៉ុន្មានឆ្នាំ ជាអកុសលក៏ទើបតែឃើញព័ត៌មានថា លោកតាបានទទួលមរណភាពតាំងពីចុងឆ្នាំ ២០២៣ ម្ល៉េះ។
ជាក់ស្តែង បើតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sokmean Alexandra ដោយភ្ជាប់មកជាមួយរូបគំនូរលោកតា កែវ សាន់ ដាក់តម្កល់ជាមួយកោដ្ឋ លោកតាបានទទួលមរណភាពកាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៣។ ស្នាមញញឹមនៅស្រស់ សម្តីដក់ជាប់ក្នុងការចងចាំនៅឡើយ គ្រាជីវិតចុងក្រោយ លោកតាបានប្រើជីវិតយ៉ាងរីករាយជាមួយអាជីព ដោយគូរគំនូររកកម្រៃសម្រាប់តែចិញ្ចឹមជីវិតប្រចាំថ្ងៃ។
តុមួយកៅអីមួយជាមួយជក់បីបួនដើម អមនឹងថ្នាំពណ៌កំប៉ុង លោកតាបានតាំងទីកន្លែងគូរនៅក្បែរកន្លែងលក់ផ្កាស្រស់ខាងកើតផ្សារធំថ្មី សម្រាប់ជាកន្លែងរកកម្រៃ តាំងពីពេលព្រឹករហូតដល់ថ្ងៃល្ងាច។ លោកតាគូរបដាដាក់លើផ្កាស្រស់ឱ្យអ្នកលក់ផ្កាទាំងនៅផ្សារធំថ្មីផង និង ខ្លះទៀតឱ្យអ្នកលក់ផ្កាមកពីកន្លែងផ្សេងៗ ដូចជាផ្សារអូរឫស្សី ផ្សារអូឡាំពិក និង ម្តុំវិមានឯករាជ្យជាដើម។ គូរបដាមួយតម្លៃ ៥០០០ រៀល ចំណាយពេលត្រឹមតែប្រាំនាទី លោកតាអាចគូរឆ្លាក់គ្រប់អក្សរភាសាទាំងអស់មិនថា អង់គ្លេស ចិន បារាំង ជប៉ុន អារ៉ាប់ កូរ៉េ ថៃ ឡាវ ឬវៀតណា។ ចំពោះភាសានិយាយវិញ លោកតាអាចប្រើបាន ៣ ភាសា គឺ ខ្មែរ ចិន និង វៀតណាម។
ស្រណោះសម្តីលោកតា កែវ សាន់ និយាយប្រាប់យើងកាលនោះ៖ «ការងារនេះស្រាល ងាយស្រួលធ្វើណាស់ គិតមើល! យើងហូបបាយចាប់សាច់ចាប់បន្លែនៅប្រើចង្កឹះពីរ ចំណែកការងារគំនូរ កាន់តែជក់មួយអាចរកលុយបានយ៉ាងស្រួល។ វាជាការងារដែលកុងស្រលាញ់ បើនៅមានកម្លាំង កុងនៅតែធ្វើរហូត បានច្រើនកាលណា រឹតតែសប្បាយធ្វើកាលនឹង(…សើច)»។
លោកតាបានបន្ថែមសម្តីចុងក្រោយថា៖ «ចំណេះនេះបើកុងស្លាប់ទៅក៏មិនបានយកទៅតាមដែរ បើមានបងប្អូនកូនចៅណាពេញចិត្តស្រលាញ់ខាងគំនូរដូចកុង កុងពេញចិត្តនឹងបង្រៀនដោយមិនគិតថ្លៃអីទេ»។
គួរឱ្យដឹងដែរថា «ជាងគំនូរវត្តភ្នំ» គឺជារហ័សនាមរបស់លោកតា កែវ សាន់ ដែលលោកតាគឺជាអតីតជាងគំនូររោងកុនដ៏ល្បីល្បាញក្នុងយុគសម័យមាសជំនាន់ទសវត្សរ៍ទី ៦០ និង ៧០ ដែលវិស័យភាពយន្តខ្មែរបានឈានដល់ចំណុចកំពូលមួយក្នុងប្រវត្តិសាស្ត្រ។ ក្នុងចំណោមរោងកុនប្រមាណជិត ៧០ ទាំងនៅតាមបណ្តាខេត្ត និង ទីក្រុងភ្នំពេញ មានរោងកុនដល់ទៅជាង ៣០ ឯណោះ ដែលលោកតាបានគូរជារូបភាពឈុតឆាកក្នុងសាច់រឿងនៅលើផ្ទាំងក្រណាត់ធំៗ ដាក់តាំងបង្ហាញផ្សព្វផ្សាយនៅខាងមុខរោងកុន៕