Angela Baby ចាប់ផ្តើមពីអាជីពមួយនេះ ពេលចូលសិល្បៈដំបូងៗ
រូបថតជាច្រើនសន្លឹករបស់ Angela Baby នៅពេលដែលនាងចូលប្រឡូកក្នុងពិភពសិល្បៈដំបូង ត្រូវបានចែករំលែកយ៉ាងច្រើនកុះករម្ដងទៀតហើយ នៅលើបណ្ដាញសង្គមចិន។ ភាពស្រស់ស្អាតរបស់តារាស្រីរូបនេះ បានក្លាយជាប្រធានបទទី ២ ដែលត្រូវបានអ្នកគាំទ្រយកមកពិភាក្សាច្រើនបំផុតនៅលើ Weibo។
បន្ទាប់ពីបានឃើញរូបថតជាបន្តបន្ទាប់ ទស្សនិកជនជាច្រើនបានបញ្ចេញមតិថា Angela Baby តាមការពិតនាងមានរូបរាងស្អាតលេចធ្លោ និង សម្រស់អំណោយផលពីកំណើត ទាក់ទាញតាំងពីក្មេងមកម្ល៉េះ។ ព្រោះកន្លងមក តារាស្រីរូបនេះ ក៏ធ្លាប់បានបដិសេធថា មិនបានធ្វើការឆ្លងកាត់មុខកាំបិតកែសម្ផស្សទេ។
យោងតាមប្រភពចេញពី HK01 បានចុះផ្សាយអំពីតារាសម្តែងស្រីចិន លំដាប់ A រូបនេះ បានឱ្យដឹងថា ដើមឡើយចាប់ផ្តើមអាជីពដំបូង Baby នាងគឺជាតារាបង្ហាញម៉ូដ តាំងពីអាយុ ១៣ឆ្នាំ។ ដោយមិត្តភក្តិរួមថ្នាក់របស់នាងបានផ្ញើរូបថតរបស់នាងទៅទស្សនាវដ្តី Yes ដ៏ល្បីល្បាញនៅហុងកុង ដោយសារតែរូបរាងដ៏លេចធ្លោ នាងក៏ត្រូវបានអ្នកគ្រប់គ្រង អញ្ជើញឱ្យចុះកិច្ចសន្យា។
ក្រោយមក នៅអាយុ ១៤ឆ្នាំ Angela Baby បានក្លាយជាតារាបង្ហាញម៉ូដផ្តាច់មុខសម្រាប់ទស្សនាវដ្តីជប៉ុនចំនួន ២ គឺ Ray និង Dear។ ចូលមកដល់ឆ្នាំ ២០០៦ នៅអាយុ ១៧ឆ្នាំ នាងបានទទួលចុះកិច្ចសន្យាជាមួយនឹងផលិតកម្មជប៉ុន Avex ដោយបានបង្កើនអាជីពនៅហុងកុង និង ជប៉ុន៕