ស្របពេលបវរកញ្ញាកម្ពុជា មៀលីយ៉ាន កំពុងស្ថិតនៅឯប្រទេសហ្វីលីពីន ដើម្បីតំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិ Miss Asia Pacific International 2025 ដែលមកដល់រាត្រីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ កម្មវិធីរៀបចំវគ្គ Gala Night ក៏បានជួបហេតុការណ៍រញ្ជួយដីកើតឡើងភ្លាមៗក្នុងខេត្ត Cebu ប្រទេសហ្វីលីពីន។
មុនកើតហេតុការណ៍រញ្ជួយដីនេះ បវរកញ្ញា Miss Asia Pacific តំណាងប្រទេសនីមួយៗជាច្រើន កំពុងបង្ហាញខ្លួនដើរលើឆាក Miss Asia Pacific International 2025 ស្រាប់តែមានការរង្គើញ័រឆាកភ្លាមៗ ធ្វើឱ្យបវរកញ្ញាទាំងអស់បានរត់ចុះពីលើឆាក និង ទៅក្រាបក្រោមតុដើម្បីសុវត្ថិភាព។
យ៉ាងណាមិញ តាមរយៈការប្រកាសរបស់កម្មវិធីប្រកួត Miss Asia Pacific International បានឱ្យដឹងថាទាំងបវរកញ្ញា ក្រុមការងារ និង អ្នកគាំទ្រទស្សនាផ្ទាល់នៅទីនោះ គឺមានសុវត្ថិភាពទាំងអស់គ្នា ដោយមិនមានអ្នកណារងរបួសឡើយ។
ងាកទៅមើលហ្វេសប៊ុករបស់បវរកញ្ញាកម្ពុជា អ្នកនាង មៀលីយ៉ាន វិញ ក៏បានឃើញអ្នកនាងចេញវីដេអូប្រាប់ពីស្ថានភាពទាំងភិតភ័យ ក្រោយជួបរញ្ជួយដីនេះ ដែលបានជូនដំណឹងថាអ្នកនាង និង បវរកញ្ញាដទៃ កំពុងនៅកន្លែងមានសុវត្ថិភាពហើយ ព្រមទាំងរៀបរាប់ពីហេតុការណ៍ភ្លាមៗនោះ ដែលអ្នកនាងក៏កំពុងដើរលើឆាក និង បានលោតចុះពីលើឆាករត់ទៅក្រាបក្រោមតុភ្លាមៗផងដែរ។
ក្នុងនោះ អ្នកនាង មៀលីយ៉ាន បានរៀបរាប់ក្នុងវីដេអូថា ៖ «ពេលកំពុងរញ្ជួយដី ខ្ញុំកំពុងដើរនៅលើឆាក បន្ទាប់មក ពេលដែលកំពុងរង្គើ ខ្ញុំក៏លោតចុះពីលើឆាក ហើយរត់ទៅក្រាបក្រោមតុ។ ឥលូវនេះ ពួកយើងនៅខាងក្រៅឆាក និង មានសុវត្ថិភាពហើយ ក្រុមការងារបានជួយពួកយើង ដូចនេះពួកយើងពិតជាមានសំណាងណាស់»៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖