នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ តាមរយៈគណនីរបស់ម៉ាក់ សុខជា ដែលមហាជនកំពុងចាប់អារម្មណ៍ តាមរយៈវីដេអូរស់នៅឯប្រទេសឥណ្ឌា បានចេញវីដេអូ សូមឱ្យបងប្អូន MMO មួយចំនួនតូច ឈប់យកវីដេអូ ឬ រូបភាព ពាក់ព័ន្ទនឹងម្តាយក្មេករបស់ខ្លួន កាត់តលក្ខណៈលេងសើច តែបែបមាក់ងាយ ហើយសូមឱ្យលុបចេញផងដែរ។
តាមរយៈវីដេអូ ម្ដាយរបស់ សុខជា បានសំណូមពរថា ដោយសារតែថ្មីៗនេះ វីដេអូរបស់ខ្លួនត្រូវបានក្រុម MMO យកទៅកាត់តបន្ថែមដាក់រូបម្ដាយក្មេកធំៗនៅពីមុខ និង វីដេអូនេះ ត្រូវបានផ្ទុះដល់ម្ដាយគាត់ក្មេក និង អ្នកភូមិនៅឥណ្ឌាបានឃើញ ជាពិសេសគឺមតិមិនល្អជាច្រើនត្រូវបានលើកឡើង ធ្វើឱ្យលោកយាយរបស់ សុខជា ខឹងនឹងម្ដាយ សុខជា ជាខ្លាំង រហូតមិនចង់ឱ្យម្ដាយរបស់ សុខជា ត្រលប់ទៅផ្ទះវិញ ដែលជាបញ្ហាដ៏ធំ ព្រោះម្ដាយ សុខជា ពិបាកចិត្ត ដោយសារតែបារម្ភពី សុខជា ខ្លាំងណាស់។
គួរឱ្យដឹងផងដែរថា គណនីឈ្មោះ Shina Khmer ដែលគេស្គាល់ថាជាម៉ាក់ សុខជា ត្រូវបានមហាជនស្គាល់តាមរយៈវីដេអូធ្វើម្ហូបខ្មែរផ្សេងៗ នៅឯប្រទេសឥណ្ឌា ព្រមទាំងបង្ហាញពីរបៀបរបបរស់នៅ និង ជំនឿសាសនាមួយចំនួនក្នុងតំបន់ដែលអ្នកស្រីបានរស់នៅ ចែករំលែកដល់អ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាបានឃើញ៕