ទំនាយឆ្នាំថ្មីនេះ មានភ្លៀងច្រើនដើមឆ្នាំ ទឹកទន្លេតូចជាងឆ្នាំទាំងពួង ធាតុអាកាសមិនក្ដៅមិនត្រជាក់ ប្រជារាស្រ្តរស់នៅសុខសាន្ត
ប្រជាពលរដ្ឋខ្មែរទាំងក្មេងចាស់ប្រុសស្រី កំពុងរីករាយស្វាគមន៍ ត្រៀមខ្លួនចាំទទួលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃសៅរ៍ ៥ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ.ស ២០២៤ វេលាម៉ោង ២២ និង ២៤ នាទី ខាងមុខនេះ។
ក្រៅពីត្រៀមខ្លួនទទួលទេវតាឆ្នាំថ្មី «ប្រជាប្រិយ» នឹងនាំអារម្មណ៍បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មកដឹងពីទំនាយប្រចាំឆ្នាំរោង ឆស័ក ចំពោះកេណ្ឌព្រះពិរុណសាស្ត្រ, កេណ្ឌធាវាទិគុណ និង ទំនាយពីទឹកទន្លេ ក្នុងឆ្នាំថ្មីនេះ។ យោងតាមសៀវភៅមហាសង្ក្រាន្តឆ្នាំរោង ឆស័ក របស់ឯកឧត្តម អ៊ឹម បូរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្រ្តខ្មែរ ចិន សកល បានកត់ត្រាដូចតទៅ ៖
កេណ្ឌព្រះពិរុណសាស្ត្រ ៖ ឆ្នាំនេះ អង្គារ ជាអធិបតីដឹកនាំផ្លូវទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយបាននាគ ៣ បង្អុរទឹកភ្លៀង ៣០០ មេដែលចែកចេញជា ៖
– ចក្រវាឡ ១២០ មេ
– ព្រៃហេមពាន្ត ៩០ មេ
– មហាសមុទ្រ ៦០ មេ
– និង ជម្ពូទ្វីបមនុស្សលោកយើងមានចំនួន ៣០ មេ បណ្ដាលឱ្យមានទឹកភ្លៀងនៅដើមឆាំ្នច្រើន កណ្ដាលឆ្នាំភ្លៀងល្អ និង ចុងឆ្នាំភ្លៀងតិច។
កេណ្ឌធាវាទិគុណ ៖ ឆាំ្ននេះមានកេណ្ឌ ២ (ពីរ) ត្រូវត្រង់ បឋវីធាតុ ចុះទំនាយថា មិនក្តៅមិនត្រជាក់ មានខ្យល់ព្យុះម្តងម្កាល ការរស់របស់អាណប្រជានុរាស្ត្រមានសេចក្តីសុខសាន្តល្អ។
ទំនាយទឹកទន្លេ ៖ ឆ្នាំនេះទំនាយអំពីទឹកទន្លេមានសំណល់ ៤ (បួន) ទំនាយថា ទឹកទន្លេតូចណាស់តូចជាងឆ្នាំទាំងពួងហោង៕