ក្រោយពីមានការថ្កោលទោសពីសំណាក់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកម្ពុជា ទាក់ទងនឹងការចម្លងប្លង់ស្ថាបត្យកម្មអង្គរវត្ត ពេលនេះអ្នកគ្រប់គ្រងវត្តភូម៉ានហ្វាដែលស្ថិតក្នុងខេត្តបុរីរ៉ាំ ប្រទេសថៃ បានប្រកែកដាច់ខាតថាខ្លួនមិនបានចម្លង ហើយក៏មិនខ្ចីខ្វល់ដែរបើសិនជាកម្ពុជាយករឿងនេះទៅប្តឹងនៅអន្តរជាតិ។
តាមរយៈសារព័ត៌មាន Thairath ដែលបានសម្ភាសលោក Phirawat Chanthasit ជាអ្នកគ្រប់គ្រងនៅវត្ត កលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះ លោកបានឱ្យដឹងថា លោកមិនភ័យខ្លាចអ្វីទេដែលក្រសួងវប្បធម៌របស់កម្ពុជាបានចោទប្រកាន់ថាវត្តនេះបានចម្លងប្លង់ពីប្រាសាទអង្គរវត្ត។ លោកបានអះអាងថា កន្លងមកមានរដ្ឋាភិបាលពាក់ព័ន្ធទាំងខាងកម្ពុជា និង ថៃបានចុះមកត្រួតពិនិត្យ ហើយបានឱ្យដឹងថាប្រាសាទនេះមិនមែនចម្លងពីប្រាសាទអង្គរវត្តឡើយ។
លោក Phirawat Chanthasit បានបន្តថា ផ្ទុយទៅវិញ ប្រាសាទវត្តភូម៉ានហ្វានេះ គឺកើតឡើងពីស្រមើស្រមៃ និង គំនិតរបស់ចៅអធិការវត្តប៉ុណ្ណោះ ហើយសាងសង់ឡើងដើម្បីទុកជាទីសក្ការៈសម្រាប់ពុទ្ធសាសនិកជនជនជាតិថៃទាំងអស់។ ដោយឡែក ឯរឿងប្រជាជនកម្ពុជាដែលចង់ឱ្យប្តឹងទៅនោះ ខ្លួនមិនបានបារម្ភទេ ព្រោះមិនបានចម្លងតាមប្រាសាទអង្គរវត្តស្រាប់ហើយ៕
ប្រភព៖ Thairath