កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ អាជ្ញាធរប្រទេសថៃ បាននាំគ្នាចុះទៅឃាត់ខ្លួនបុរសម្នាក់ឈ្មោះ Zax ដែលគេស្គាល់ជាតារាចម្រៀងរបស់ក្រុម I-ZAX ល្បីកាលពីអំឡុងឆ្នាំ ៩០ បន្ទាប់ពីរកឃើញមានពាក់ព័ន្ធនឹងករណីគ្រឿងញៀនជាច្រើនករណី។
តាមព័ត៌មានបានឱ្យដឹងថា តារាចម្រៀង Zax ត្រូវបានគេរកឃើញថាបានទាក់ទងនឹងការទិញគ្រឿងញៀនមកសេព ដោយបានទិញតាមរយៈអនឡាញមកជាង ២ ឆ្នាំទៅហើយ និង បានទិញសឹងតែរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃ ពីចំនួន ១ ទៅ ២ ក្រាមជាប្រចាំ។ ក្នុងនោះដែរ ប៉ូលិសបានស៊ើបដឹងទៀតថា អ្នកលក់គ្រឿងញៀនឱ្យតារាចម្រៀងរូបនេះ គឺជាអ្នកធ្លាប់ធ្វើការក្នុងរង្វង់សិល្បៈពីមុនមក អាចជាអ្នកគ្រប់គ្រង ឬ អ្នកដើរតាមក្រុមតារា។
ជាមួយការឃាត់ខ្លួននោះ ក៏មានការឃាត់ខ្លួនអ្នកលក់គ្រឿងញៀន និង ជាមេខ្លោងបានម្នាក់ទៀតដែរ គឺជាស្រ្តី។ លើសពីនេះទៅទៀត ប៉ូលិសក៏បានរកឃើញថាស្រ្តីមេខ្លោងនេះមានគ្រុប Line សម្រាប់លក់គ្រឿងញៀន ដែលមានសមាជិករហូតជាង ១០០ នាក់ ដោយក្នុងនោះភាគច្រើនគឺសុទ្ធតែជាតារាៗទាំងអស់។ ក្រោយការស៊ើបដឹងនេះ ប៉ូលិសក៏នឹងត្រៀមចេញដីកាចាប់ខ្លួនក្រុមតារាៗទាំងនោះ ព្រមទាំងនឹងដំណើរការករណីនេះទៅតាមផ្លូវច្បាប់ផងដែរ៕
ប្រភព៖ AMARINTV