អ្នកដាំស្វាយចន្ទីលក្ខណៈគ្រួសារ ឬ ដីចម្ការតូច បើមិនចង់ឱ្យមានហានិភ័យខាត គួររួមគ្នាធ្វើតាមវិធីនេះនឹងបានតម្លៃទីផ្សារល្អ
បន្ទាប់ពីមានការត្អូញត្អែរលើដំណាំគ្រាប់ស្វាយចន្ទីស្រស់បានចុះថ្លៃពីជាង ៥០០០៛ មកនៅ ៤៥០០៛ ក្នុង ១ គីឡូនោះ នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយជាមួយគ្នានោះដែរ ឯកឧត្តមក៏បានបង្ហាញពីបញ្ហា និង ដំណោះស្រាយ ដោយបានលើកឡើងពីហេតុផលមួយចំនួនគួរឱ្យចាប់អារម្មណ៍មកវែកញែក។ ចំពោះរឿងនេះដែរ មុននឹងឈានទៅដល់ដំណោះស្រាយ ឯកឧត្តមបានសាកល្បងវិភាគលើចំណុចមួយចំនួនទៀតផង ដែលមានដូចខាងក្រោម។
ពិតណាស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានសាកល្បងវិភាគលើចំណុចមួយចំនួនយ៉ាងនេះថា ៖
– អ្នកដាំស្វាយចន្ទីមួយចំនួន ពិតជាអាចប្រឈមមុខនឹងការខាតបង់ពិតមែន ជាពិសេសកសិករដែលមានដីតូចៗ និង ដាំជាលក្ខណៈគ្រួសារ។ ភាគច្រើនពួកគាត់នៅខ្សោយខាងផ្នែកបច្ចេកទេស ចំណាយថ្លៃដើមខ្ពស់ ទទួលបានទិន្នផលទាប និង មានការខ្វះខាតទុន ដែលបង្ខំឱ្យពួកគាត់ព្រមទទួលកម្ចីទិញធាតុចូលដែលមានការប្រាក់ខ្ពស់។ បើបូកផ្សំកត្តាទាំងអស់នេះចូលគ្នា ប្រាកដណាស់ដែលថាពួកគាត់ពិតជាកំពុងស្ថិតនៅកៀកនឹង «បន្ទាត់-ចំណេញខាត» សម្រាប់ថ្លៃ ៤៥០០៛/គីឡូនេះ។
– ការវិភាគសេដ្ឋកិច្ចនៅក្នុងតារាងខាងក្រោម គឺជាទិន្នន័យដែលយោងតាមការសិក្សាយ៉ាងសុក្រឹត មិនតិចជាង ១០ ករណីផ្សេងៗគ្នានោះទេ តែការសិក្សាទាំងនោះសុទ្ធតែផ្អែកលើផលិតកម្មស្វាយចន្ទីដែលធ្វើឡើងក្រោមទម្រង់ជាសហគមន៍ និង អ្នកមានចម្ការធំៗ មានបច្ចេកទេសត្រឹមត្រូវ ប្រើប្រាស់ពូជសុទ្ធល្អ (M23) ចំណាយថែទាំស្តង់ដាជាប្រចាំ និង ទទួលបានទិន្នផលខ្ពស់។
– កត្តាថ្លៃតែមួយមុខពុំទាន់អាចធានាប្រាក់ចំណេញដល់កសិករបាននៅឡើយ ហើយនៅមានកត្តាគុណភាពនៃគ្រាប់ស្វាយចន្ទីមួយទៀត ដែលធ្វើឱ្យអ្នកដាំជាលក្ខណៈគ្រួសារ លក់មិនសូវបានថ្លៃ ដូចអ្នកដាំស្តង់ដារនោះទេ។
យ៉ាងណាមិញ ការធ្លាក់ចុះនៃថ្លៃស្វាយចន្ទី ពិតជាបានប៉ះពាល់ដល់ទឹកចិត្ត និង ការរំពឹងទុករបស់កសិករតូចៗ។ កសិករប្រភេទនេះអាចជួបការលំបាកមុនគេ និង ងាយរងសម្ពាធខ្លាំងជាងគេ ហើយក៏មិនមានលទ្ធភាពយកគ្រាប់ស្វាយចន្ទីទៅសម្ងួតទុកដើម្បីរង់ចាំថ្លៃល្អមកវិញដែរ ព្រោះពួកគាត់គ្មានទុនបង្វិលនោះទេ។ តាមបទពិសោធនៃឆ្នាំកន្លងមក ថ្លៃអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀតរហូតដល់ផុតខែឧសភា បន្ទាប់មកវានឹងហក់ឡើងល្អជាធម្មតាវិញផងដែរ។ នេះគឺជាកត្តាជះឥទ្ធិពលពីខាងក្រៅ និង តែងកំណត់ដោយទីផ្សារអន្តរជាតិ មិនស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាឡើយ។
ចំពោះដំណោះស្រាយ ដែលឯកឧត្តម ឃឹម ហ្វីណង់ លើកឡើងគឺ ជម្រើសល្អបំផុតមួយសម្រាប់អ្នកដែលទន់ខ្សោយ និង ដឹងខ្លួនថាខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ងាយរងហានិភ័យពីការប្រែប្រួលអាកាសធាតុ មានថ្លៃដើមផលិតខ្ពស់ និង តែងទទួលបានទិន្នផលទាប គឺការពិចារណារួមគ្នាចងក្រងជា «សហគមន៍កសិកម្មទំនើប» ដើម្បីការពារពួកគាត់ពីហានិភ័យទាំងនេះ។ សហគមន៍កសិកម្មទំនើបនឹងធ្វើឱ្យកសិករតូចៗ អាចមានសមត្ថភាពប្រកួតប្រជែង និង ទទួលបានប្រាក់ចំណេញល្អ ដូចម្ចាស់ចម្ការធំៗបាន ព្រមទាំងអាចជួយដោះស្រាយនូវរាល់បញ្ហាដែលបានលើកឡើងខាងលើ ដោយសារកត្តាមួយចំនួន ដូចជា ៖
– ការទទួលបានទុនកម្ចីការប្រាក់ទាប ដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំ
– ការគាំទ្របច្ចេកទេសផលិតកម្មរួមគ្នាក្នុងស្តង់ដាតែមួយ ដែលធានាបាននូវគុណភាពខ្ពស់ ទិន្នផលល្អ ថ្លៃដើមទាប
– ការធានាតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន ដោយផ្អែកលើកិច្ចសន្យាកសិកម្ម និង ផែនការអាជីកម្មរឹងមាំ
– ការគ្រប់គ្រងច្បាស់លាស់ ប្រកបដោយតម្លាភាព និង ក្រឹត្យក្រមវិជ្ជាជីវៈខ្ពស់
– ការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ ក្រោមគោលការណ៍ «សហគមន៍ជោគវាសនាតែមួយ» ដ៏រឹងមាំ។
អាស្រ័យហេតុនេះពុកម៉ែបងប្អូនកសិករអ្នកដាំស្វាយចន្ទី ដែលមានចំណាប់អារម្មណ៍ និង ស្ម័គ្រចិត្តរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប អាចទំនាក់ទំនងផ្ទាល់ជាមួយឯកឧត្តម ឬ ទៅកាន់ក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មបាន ដោយឯកឧត្តម និង ក្រុមការងារនឹងរង់ចាំបម្រើបងប្អូនកសិករទាំងអស់ឱ្យអស់ពីលទ្ធភាព៕