នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ បានជួបសំណេះសំណាល និង នាំយកព្រះអំណោយ អំណោយគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ និង ថវិកាមួយចំនួន ចែកជូនដល់គ្រួសារកងទ័ពជួរមុខ និង ជូនដល់កងពលតូចអន្តរាគមន៍លេខ ៩ ស្ថិតក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។


តាមរយៈពិធីចែកអំណោយនេះផងដែរ ក៏បានបង្ហាញពីវត្តមានរបស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និង លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ ៣ ដែលលោកបានអញ្ជើញចូលរួមនៅក្នុងពិធីប្រគល់អំណោយជូនកងទ័ពជួរមុខ ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥។


សូមរំឭកផងដែរថា កំឡុងពេលផ្ទុះអាវុធរយៈពេល ៥ យប់ ៦ ថ្ងៃ ជាមួយភាគីថៃ នៅខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ ខាងសារព័ត៌មានថៃ បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំផុសព័ត៌មានមិនពិត នៃការពលីរបស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ដែលជាមេទ័ពឆ្នើមមួយរូបរបស់កម្ពុជា ក្នុងការតតាំងចោរឈ្លានពានថៃ ធ្វើឱ្យអ្នកលេងបណ្តាញសង្គម បានសម្តែងការព្រួយបារម្ភពីសុវត្ថិភាពរបស់លោក៕
