កាលពីយប់ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ វេលាម៉ោងប្រហែល ២៣ និង ៣០ នាទី មានរឿងរ៉ាងគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងទាំងកណ្តាលយប់ ដោយតាមរយៈវីដេអូបង្ហោះនៅលើបណ្តាញសង្គមបង្ហាញថា មានស្រ្តីម្នាក់បានជិះរថយន្ត TOYOTA Prius ពណ៌ទឹកប្រាក់ ត្រូវបានមនុស្សមួយក្រុមមានប្រុស និង ស្រី ជិះរថយន្តម៉ាក Ford Rabter ពណ៌ស មួយគ្រឿងបើកមកកាក់ពីមុខ រួចចុះមកស្រែកបង្ខំឱ្យស្ត្រីខាងលើចុះពីលើរថយន្ត លុះមិនព្រមចុះបុរសពាក់អាវខ្មៅ និង ស្រ្តីពាក់អាវលឿង បានប្រើអំពើហិង្សាតែម្តង ដោយមានវាយដោយដំបង ហើយបើករថយន្តដេញបំបុកពីក្រោយ។
បន្ទាប់ពីកើតហេតុការណ៍នេះ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះអន្តរាគមន៍ និង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយជនបង្កបានប្រើដំបងមូល, ប្រើដៃ និង បើករថយន្តម៉ាក Raptor ដេញបំបុកជនរងគ្រោះ បណ្ដាលឱ្យជនរងគ្រោះរបួសជាច្រើនកន្លែង និង ខូចខាតរថយន្តមុខក្រោយទាំងស្រុង។ ឯជនសង្ស័យជាបក្ខពួក ១ នាក់ទៀត ភេទប្រុស បានគេចខ្លួនបាត់។
តាមព័ត៌មានដែលទទួលបានពីទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនស្រ្តី ២ នាក់នោះ គឺក្នុងករណីហិង្សាដោយចេតនាដោយស្ថានទម្ងន់ទោស ដោយជនសង្ស័យ ទី ១ ឈ្មោះ ជា រីដា ភេទស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាគុយ ស្នាក់នៅលេខ Q៣ ផ្លូវលេខ ២៦៥ ភូមិ ៣ សង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី ២ ឈ្មោះ អុឹង លីមុំ ភេទស្រី អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅលេខ ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្នុងករណីហិង្សានេះ ជនរងគ្រោះមានឈ្មោះ ចាប ចន្ដា ភេទស្រី អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅលេខ ១២A ផ្លូវលេខ ៣៦ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដោយឡែក បច្ចុប្បន្ននេះជនសង្ស័យទាំង ២ នាក់ខាងលើ បាន និង កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង ចាត់ការបន្តតាមនីតិវិធី។
គួរឱ្យដឹងដែរថា ករណីដែលធ្វើឱ្យផ្អើលឆោឡោទាំងយប់នេះ កើតចេញពីភ្លើងស្នេហាត្រីកោណ ដោយមុនឈានដល់កើតហេតុការណ៍នេះ ភាគីជនសង្ស័យគឺជាប្រពន្ធដើម បានបញ្ជាក់ក្នុងវីដេអូលើហ្វេសប៊ុកថា ស្រ្តីឈ្មោះ ចាប ចិន្តា តែងតែមករវីរវល់ជាមួយប្តីរបស់គាត់ ដើម្បីទាក់ទងគ្នា លុះមកដល់ថ្ងៃកើតហេតុនារីខាងលើមកគោះទ្វារផ្ទះដើម្បីរកប្តីរបស់គាត់ ទើបធ្វើឱ្យគាត់ខឹងសម្បា ហើយបបួលបងប្អូននាំគ្នាព្រួតដេញវាយតែម្តង៕