ថ្មីៗនេះ ប្រទេសចិនបានបង្ហាញពីបច្ចេកវិទ្យាថ្មីប្លែកសម្រាប់វិស័យយោធា ដែលជាដ្រូនមានទំហំប៉ុនសត្វមូស សឹងតែមើលមិនឃើញនឹងភ្នែក ហើយថែមទាំងគ្មានឧបករណ៍ចាប់សញ្ញាណាងាយ ចាប់បានទៀត។
ក្នុងនោះ ដ្រូននេះ ត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រចិនមកពីសកលវិទ្យាល័យជាតិបច្ចេកវិទ្យាការពារជាតិ (NUDT) ដែលទំហំល្អិតប្រមាណ ១.៣ សង់ទីម៉ែត្រ ហើយមានស្លាប និង ជើងស្តើងខ្លាំង ដែលងាយស្រួលក្នុងការបត់បែន ថែមទាំងមានសំឡេងស្ងាត់ល្អ បង្កឱ្យកាន់តែងាយជ្រៀតចូលទៅក្នុងតំបន់ផ្សេងៗបានយ៉ាងរលូន ហើយស្ទើរតែមើលមិនឃើញដោយភ្នែកទទេ។ លើសពីនេះ វាក៏បញ្ជាពីស្មាតហ្វូនបានដូចជាដ្រូនទូទៅដែរ។
យ៉ាងណាមិញ បើទោះជាដ្រូនល្អិតនេះ ត្រូវបានបង្កើតឡើងសម្រាប់ប្រើក្នុងវិស័យយោធា និង ការជួយសង្រ្គោះផ្សេងៗក៏ដោយ តែមានមហាជនមួយចំនួនមានការបារម្ភថា រដ្ឋាភិបាលអាចនឹងប្រើប្រាស់ក្នុងការឃ្លាំមើលប្រជាជនផងដែរ៕
ប្រភព៖ SCMP