មានករណីដ៏គួរឱ្យហួសចិត្តអស់សំណើចមួយនៅប្រទេសចិន ដែលគូស្នេហ៍មួយគូប្រលែងគ្នាលេងហាក់ចម្លែកខុសពីគូស្នេហ៍ដទៃ ដោយខាងស្រីយកដៃញាត់ចូលមាត់ខាងប្រុស ស្រាប់តែដកចេញវិញមិនរួច ត្រូវរត់ឱ្យគ្រូពេទ្យជួយ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងកាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ ដោយគូស្នេហ៍ខាងលើបានឃើញវីដេអូនៅតាមអ៊ីនធឺណេត ដែលក្មេងប្រុសស្រីមួយគូបាននាំគ្នាលេងយកដៃដាក់ចូលក្នុងមាត់ ទើបចាប់អារម្មណ៍ចង់លេងតាមគេដែរ។ លុះនៅពេលខាងស្រីបានដាក់ដៃចូលទៅក្នុងមាត់ខាងប្រុសហើយ ក៏ស្រាប់តែដកចេញវិញមិនរួច បណ្តាលឱ្យកើតការភិតភ័យ រួចក៏នាំគ្នាទៅមន្ទីរពេទ្យដើម្បីសុំជំនួយ ទាំងស្ថិតក្នុងសភាពដៃនៅក្នុងមាត់។
យ៉ាងណាមិញ បុរសជាសង្សារបានទៅដល់ពេទ្យយ៉ាងវេទនា គេអង្គុយចាំគ្រូពេទ្យទាំងទឹកមាត់ហូរមិនដាច់ រីឯទឹកមុខបង្ហាញឱ្យឃើញពីសភាពតឹងទ្រូង តែខាងមិត្តភក្តិដែលជូនមកបែរជានាំគ្នាអស់សំណើចដោយការហួសចិត្ត។ ដោយឡែក ចុងក្រោយបុរសរូបនេះ ក៏ត្រូវគ្រូពេទ្យជួយសង្រ្គោះបានសម្រេច ដោយប្រើពេលជាង ២០ នាទី ដោយដំបូងគ្រូពេទ្យបានឱ្យបុរសនេះសម្រួលអារម្មណ៍សិន ហើយក៏ចាក់ថ្នាំសម្រួលសាច់ដុំនៅក្នុងមាត់ ទើបព្យាយាមដកដៃខាងស្រីចេញរហូតទាល់តែបានសម្រេច៕
ប្រភព៖ Khaosod