ថ្មីៗនេះ លោក Chadchart Sittipunt អភិបាលក្រុងបាងកក បានចេញសេចក្តីព្រមានដល់ប្រជាជននៅក្នុងក្រុង ឱ្យត្រៀមលក្ខណៈសម្រាប់ស្ថានភាពទឹកជំនន់នៅក្នុងឆ្នាំនេះ ព្រោះអាចនឹងសាហាវធ្ងន់ធ្ងរដូចកាលពីឆ្នាំ ២០១១ កន្លងទៅ។
លោក Chadchart Sittipunt បានឱ្យដឹងថា មូលហេតុដែលត្រូវប្រយ័ត្ននោះគឺ ទំនប់នៅភាគខាងជើងមានកម្រិតទឹកប្រហាក់ប្រហែលនឹងកម្រិតទឹកកាលពីឆ្នាំ ២០១១ ដែលជាឆ្នាំមានទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងទីក្រុងបាងកក ហើយទឹកនេះនឹងត្រូវបញ្ចេញបន្តិចម្តងៗប្រហែល ២ ៥០០ ម៉ែត្រគូបក្នុងមួយវិនាទី ដែលធ្វើឱ្យកម្ពស់ទឹកទន្លេចៅផ្រះយ៉ាអាចនឹងឡើងខ្លាំងបំផុតនៅក្នុងអំឡុងថ្ងៃទី ៩ និង ១០ ខែតុលា។
យ៉ាងណាមិញ លោក Chadchart ក៏បានចាត់ឱ្យរដ្ឋបាលក្រុងបាងកករៀបចំបាវខ្សាច់ជាង ២ សែនបាវ ដើម្បីចែកចាយទៅកាន់តំបន់ដែលមានហានិភ័យផ្សេងៗ និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរទំនប់ទឹក ឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕
ប្រភព៖ Khaosod