ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការចាប់អារម្មណ៍នឹងគណនីហ្វេសប៊ុករបស់តន្ត្រីករល្បីឈ្មោះ លោក រ៉េតធីដូណា ដែលបានបង្ហោះវីដេអូ ពីការបកស្រាយចម្រៀងរបស់តារាចម្រៀងស្រី ប្រេម៉ា ដោយបានយកបទ «មិនអាចខ្វះនរណាម្នាក់» មកច្រៀង Cover ឡើងវិញ។
ជាការពិត បទចម្រៀង «មិនអាចខ្វះនរណាម្នាក់» នោះដែរ គឺជាការបកស្រាយដំបូងដោយកញ្ញា តាតា ដែលជាប្អូនស្រីបង្កើតរបស់លោក រ៉េតធី ដូណា ផ្ទាល់កាលពីអំឡុងឆ្នាំជាង ២០០០ ដោយបទនេះចេញក្នុងផលតិកម្ម U2 និង ផ្ទុះការគាំទ្រយ៉ាងខ្លាំងកាលជំនាន់នោះ។

ដោយឡែក ក្រឡេកទៅមើលអ្នកគាំទ្រឯណោះវិញ ក្រោយឃើញកញ្ញា ប្រេម៉ា បានលើកយកចម្រៀងរបស់កញ្ញា តាតា មកបកស្រាយឡើងវិញហើយនោះ ស្រាប់តែមានអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិ បង្ហាញអារម្មណ៍នឹករឭកដល់កញ្ញា តាតា យ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏ចង់ដឹងពីសុខទុក្ខរបស់កញ្ញា តាតា ពីលោក រ៉េតធី ដូណា ដែលជាបងប្រុសបង្កើតផងដែរ៕
