នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នេះ អង្គភាពការពារកុមារ CPU បានជូនដំណឹងអំពីករណីឃាតកម្មលើទារិការអាយុ ៤ ខែ នៅរាជធានីភ្នំពេញ។
ក្នុងនោះ អង្គភាពបានបញ្ជាក់ឱ្យបានដឹងថា កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ អង្គភាពការពារកុមារ (CPU) បានទទួលដំណឹងអំពីករណីទារិកាស្លាប់ដោយមានការសង្ស័យ ដែលក្នុងកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និង វិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អង្គភាព CPU បានចុះទៅកន្លែងកើតហេតុ ដើម្បីផ្តល់ជាជំនួយដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងដំណើរការស៊ើបអង្កេត និង ការពិនិត្យកោសល្យវិច័យទៅលើសាកសព និង កន្លែងកើតហេតុ។
ជាលទ្ធផលនៃការពិនិត្យ ក្រុមការងារបានកំណត់មូលហេតុនៃការស្លាប់ រួមជាមួយស្ថានភាពសង្ស័យជុំវិញការស្លាប់របស់ទារិកានេះ។ ក្រុមការងារបានបំភ្លឺសាក្សីជាច្រើននាក់ ខណៈចម្លើយបំភ្លឺ បូករួមជាមួយភស្តុតាងដែលមាននៅកន្លែងកើតហេតុ និង នៅលើសាកសព នាំឱ្យក្រុមការងារសម្រេចឃាត់ខ្លួនស្ត្រីម្នាក់អាយុ ៣៣ ឆ្នាំ ជាម្ដាយរបស់ទារិការរងគ្រោះ ដើម្បីបន្តទៅតាមនីតិវិធី៕