នៅរសៀលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងឱ្យបានដឹងថា ស្ពានអាកាសទី ១ មានទិសដៅចរាចរតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ ២ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៥ ស្អែកនេះតទៅ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យបានដឹងថា បច្ចុប្បន្នការសាងសង់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានលទ្ធផលដូចតទៅ៖ ស្ពានអាកាសទី ១ សម្រេចបានការសាងសង់ ១០០% ហើយស្ពានអាកាសទី ២ គ្រោងនឹងបញ្ចប់ការសាងសង់នាដើមខែសីហា ឆ្នាំ ២០២៥។ ក្នុងនោះ ដើម្បីជួយសម្រួលដល់លំហូចរាចរ និង ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និង ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ សំដៅដោះស្រាយការកកស្ទះចរាចរឱ្យបានជាអតិបរមានោះ សម្តេចមហាបវរ ធិបតី នាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់បំផុត ឱ្យរដ្ឋបាលរាជធានី ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត ដូចខាងក្រោម៖
– ស្ពានអាកាសទី ១ មានទិសដៅចរាចរតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ ២ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ តទៅ។
– ស្ពានអាកាសទី ២ មានទិសដៅចរាចរពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លងកាត់ផ្លូវជាតិលេខ ២ ឆ្ពោះមកមហាវិថី សម្តេចតេជោ ហ៊ុន សែន ចូលមករាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ តទៅ។
គួរឱ្យដឹងផងដែរថា ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និង ផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និង ខេត្តកណ្តាល ត្រូវបានស្ថាបនាជាស្ពានភ្លោះទ្វេទិស និង ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រុមហ៊ុន OCIC ជាអ្នកទទួលការសាងសង់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖