មួយរយៈក្រោយនេះ Influencer របស់ថៃ គឺ Gun Jompalang ហាក់ឆ្កួតវីវក់នឹងការរុកគួនប្រជាជនខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យជាខ្លាំង ដោយបានចាក់បាសបំពងសំឡេងខ្មោចផង ចាក់រឿងកុនផង ច្នៃដ្រូនធ្វើជាអាបផង ដើម្បីតែមកបំភ័យប្រជាជនឱ្យចាកចេញពីផ្ទះសម្បែង។
យ៉ាងណាមិញ ក្រោយពីបាននាយករដ្ឋមន្រ្តីសរសើ និងលើកទឹកចិត្ត ក្នុងការសម្ភាសមួយកាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ Gun Jompalang កាន់តែមានមោទកភាពចំពោះទង្វើដ៏ស្មោគគ្រោករបស់ខ្លួន ដោយបានទម្លាយថាគ្រប់យ៉ាងខ្លួនបានធ្វើនៅក្នុងទឹកដីថៃ ដូច្នេះហើយគ្មានអ្វីខុសទេ។ លើសពីនេះទៀត បានឱ្យដឹងថា ខ្លួននឹងត្រៀមធ្វើបុណ្យ Halloween ឱ្យទាហានថៃ ដែលមិនបានត្រឡប់ទៅផ្ទះជាយូរខែ ដោយនឹងមានការចាក់កុន និងមានឡានហែ ព្រមទាំងមានការតុបតែងខ្មោចព្រាយបិសាចជាច្រើនទៀត។
ដោយឡែក ស្តាប់មើលទៅ ច្បាស់ណាស់នេះគឺជាលេសដែល Gun Jompalang បង្កើតមកដើម្បីមានបំណងធ្វើបាបប្រជាជនខ្មែរថែមទៀត។ កន្លងមកមានទាំងការចាក់សំឡេងផង ចាក់កុនផង មានទាំងអាបផង តែ នៅតែមិនអស់ចិត្ត Gun Jompalang មួយថ្ងៃៗអង្គុយរកនឹកតែវិធីថោកទាបមកបំភិតបំភ័យ ព្រោះតែចង់បានទឹកដីរបស់អ្នកដទៃសឹងតែបាត់បង់ស្មារតី៕
ប្រភព៖ One31