កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកនិយមតាមដានវេជ្ជបណ្ឌិត ហ៊ាង រតនា បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈវេជ្ជបណ្ឌិតចិត្តធម៌រូបនេះ បានប្រកាសបញ្ចប់អាជីពអស់មួយជីវិត បន្ទាប់មានបញ្ហាកើតឡើងក្នុងមន្ទីរពេទ្យព្យាបាលជំងឺរបស់លោកនាពេលកន្លងមក រហូតមានការបិទមន្ទីរពេទ្យលែងឱ្យបន្តអាជីវកម្ម។
យ៉ាងណាមិញ ក្រោយប្រកាសពីការបញ្ចប់អាជីពជាវេជ្ជបណ្ឌិតអស់មួយជីវិតហើយនោះ វេជ្ជ. ហ៊ាង រតនា ក៏បានប្រកាសនូវគោលជំហររបស់ខ្លួនដូចដើម នៃការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត ដែលលោកធ្លាប់បានធ្វើកន្លងមក។
ក្នុងនោះ វេជ្ជ. ហ៊ាង រតនា បានបញ្ជាក់ថា៖ «សម្រាប់សិស្ស-និស្សិតដែលមានបំណងស្នើសុំអាហារូបករណ៍ បងសុំផ្តល់ព័ត៌លម្អិតជាលើកចុងក្រោយ ព្រោះកៀកពេលប្រឡងដែរហើយ។ ពេលនេះពួកបង និង អ្នកមានសមត្ថភាព-លទ្ធភាពមួយក្រុម បានសហការគ្នាបង្កើតជាគណៈកម្មការមួយសម្រាប់ជ្រើសរើស និង ផ្តល់អាហារូបករណ៍ សម្រាប់សិស្ស-និស្សិតច្រើននាក់ និង ច្រើនជំនាញ (តែផ្តោតសំខាន់លើជំនាញវេជ្ជបណ្ឌិតទូទៅ និង ឯកទេស) ជារៀងរាល់ឆ្នាំ តែការជ្រើសរើសម្តងនេះខុសពីការជ្រើសរើសកន្លងមករបស់បង។
ការជ្រើសរើសនិស្សិតអាហារូបករណ៍បន្តបន្ទាប់ទៅនេះ នឹងជ្រើសរើសដោយការប្រឡងប្រកួតប្រជែង ដោយកំណត់ចំនួន និង លក្ខខណ្ឌច្បាស់លាស់ ហើយនឹងមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរសម្រាប់ជាប្រយោជន៍សម្រាប់និស្សិតផ្ទាល់ និង ស្ថាប័ន។
នៅពេលដែលប្រកាសប្រឡងជ្រើសរើសបេក្ខជន ពេលនោះនឹងសម្អិតអំពីបុគ្គលិកលក្ខណៈបេក្ខជនរបៀបណាខ្លះទើបមានសិទ្ធិដាក់ពាក្យប្រឡង លម្អិតអំពីកិច្ចសន្យាក្រោយពេលជាប់អាហារូបករណ៍។ល។ ការប្រឡងផ្តោតទៅលើ ៣ ចំណុច
១៖ ជីវភាពក្រីក្រពិតប្រាកដ (និងមានបញ្ជាក់និយមន័យ ដូចម្តេចទៅទើបចាត់ទុកថាក្រីក្រ)
២៖ សមត្ថភាព (រៀនពូកែ ក្លាហាន និង វៃឆ្លាត)
៣៖ ទឹកចិត្ត (ឬបេះដូង) ជាមនុស្សល្អមិនអាត្មានិយម។»៕