បាត់មុខពីសិល្បៈឈឹង តាមពិតតារាប្រុស ៥ រូបនេះ ប្រើជីវិតសាមញ្ញកសាងសុភមង្គល
បើសង្កេតនៅក្នុងវិស័យសិល្បៈ ទាំងការសម្តែង ការច្រៀង និង ជំនាញផ្សេងៗនោះគឺហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ដែលធ្វើឲ្យសិល្បៈករទាំងថ្មី ទាំងចាស់ជាច្រើនទទួលបានការគាំទ្រ ។ ស្របពេលនឹងមានការបណ្តុះបណ្តាល និង មានសិល្បករថ្មីៗជាច្រើនរះព្រោតព្រាត ក៏មានសិល្បកររៀមច្បងមួយចំនួនក៏ហាក់បាត់មុខលើវិថីនេះដូចគ្នាដែរ ។
ខាងក្រោមនេះ គឺជាតារាសម្តែង តារាចម្រៀងប្រុស ៥ ដួង ដែលធ្លាប់មានឈ្មោះក្នុងវិស័យសិល្បៈ តែត្រូវបានបញ្ឈប់ និង ផ្អាកទៅវិញ ព្រោះហេតុផលផ្សេងៗគ្នា ដោយអ្នកខ្លះក៏មមាញឹកក្នុងការងារមុខរបរខាងក្រៅ អ្នកខ្លះទៀតក៏បានទៅរស់នៅក្រៅប្រទេស ។
១. តារាចម្រៀង គង់ សង្វារដានី
អតីតតារាចម្រៀងផលិតកម្ម SSB ម្ចាស់បទ «ប្រចណ្ឌ» រូបនេះបានផ្អាកនៅលើវិថីសិល្បៈតំណាលគ្នា និង ផលិតកម្ម SSB ។ ក្រោយមក លោកក៏បានរៀបអាពាហ៍អាពិពាហ៍ មានកូនស្រីចំនួន ២ រូបហើយដែរ ។ សព្វថ្ងៃតារារូបនេះ មានជំនាញផ្នែកថតរូប និង បើកហាងកាហ្វេ និង ហាងនំផ្ទាល់ខ្លួនទៀតផង ។
២. តារាចម្រៀង មង្គល ទីណា
ទោះបីជាបន្តស្ថិតនៅក្នុងផលិតកម្មថោនក៏ពិតមែន តែតារាចម្រៀង មង្គល ទីណា ហាក់បាត់មុខពីកញ្ចក់ទូរទស្សន៍ជាយូរមកហើយដែរ ។ ក្នុងនោះគេបានដឹងថា លោកបានទៅរស់នៅខេត្តកោះកុងជាមួយភរិយា និង កូនចំនួន ៣ នាក់ ។ បច្ចុប្បន្ន លោកក៏កំពុងមមាញឹកក្នុងការប្រកបមុខរបររកស៊ីនៅទីនោះផងដែរជាមួយភរិយា ។
៣. តារាសម្តែង និង តារាបង្ហាញម៉ូដ ជុំ ស៊ីថា
តារាសម្តែង និង តារាបង្ហាញម៉ូដ ជុំ ស៊ីថា បានបាត់មុខពីសិល្បៈក៏យូរឆ្នាំដូចគ្នាដែរ ដោយតារារូបនេះបានរៀបការដោយស្ងាត់ស្ងៀម រហូតកូនទីមួយមានអាយុប្រមាណជា ៦ ឬ ៧ ឆ្នាំហើយ ទើបលោកបង្ហាញជាសាធារណៈ ។ បច្ចុប្បន្នទោះតារារូបនេះ បានបញ្ចប់ទាំងស្រុងក្នុងវិស័យសិល្បៈ ប៉ុន្តែក៏បានចេញមុខតាមបណ្តាសារព័ត៌មានជាញឹកញាប់ពីរបររកស៊ី និង ការងារជាមន្ត្រីរាជការរបស់លោកផងដែរ ។ សព្វថ្ងៃតារារូបនេះ មានកូនស្រីចំនួន ៣ នាក់ និង ប្រុស ២ នាក់ ។
៤). តារាសម្តែង ឈុន វីរៈកុសល
អតីតតារាបង្ហាញម៉ូដ មានឈ្មោះពីការប្រកួតកម្មវិធី Spy រហូតក្លាយទៅជាតារាសម្តែងជួរមុខលោក ឈុន វីរៈកុសល ត្រូវបានគេចាប់អារម្មណ៍ខ្លាំងនៅពេលដែលលោកបានសម្តែងក្នុងខ្សែភាពយន្តរឿង «វិមានស្នេហ៍អាថ៌កំបាំង» ជាតួឯកជាមួយនឹងអ្នកនាង កែវ ស្រីនាង ។ តារារូបនេះ បានបញ្ចប់អាជីពសិល្បៈបន្ទាប់ពីលោកបានរៀបអាពាហ៍ពិពាហ៍ នៅចេញទៅរស់នៅសហរដ្ឋអាមេរិក ។ សព្វថ្ងៃតារារូបនេះ មានកូនស្រីមួយរូបផងដែរ ។
៥. តារាសម្តែង និង តារាបង្ហាញម៉ូដ អេឡិច ជេក
តារាសម្តែង និង បង្ហាញម៉ូដ លោក អាឡិច ជេក បានកសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈទទួលបានការចាប់អារម្មណ៍ ក៏ព្រោះរូបរាងស្រស់សង្ហា និង សាច់សខ្ចីរបស់លោក ។ យ៉ាងណាមិញ ក្រោយពីស្ងាត់បាត់ឈឹង លោក អាឡិច ជេក បានរៀបការនឹងភរិយាជាអ្នកខេត្តព្រះសីហនុ និង បើករបររកស៊ីជាច្រើននៅទីនោះ ។ ច្ចុប្បន្នលោក អេឡិច ជេក មានកូនប្រុសចំនួន ២ នាក់ ហើយ ៕