កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ អគ្គមេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បានធ្វើជំនួបជាមួយនឹងមេទ័ពភូមិភាគ ១ និង ភូមិភាគ ២ របស់ថៃ ក្នុងការពិភាក្សាអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ និង ដើម្បីស្វែងរកដំណោះស្រាយ។
ក្នុងនោះ មេទ័ពភូមិភាគ ២ Boonsin Padklang បានប្រាប់ទៅកាន់លោក Dato’ Mohammad Nizam Jaffar អគ្គមេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ីថា ភាគីថៃតែងប្រកាន់ខ្ជាប់នូវសន្តិវិធីក្នុងការដោះស្រាយបញ្ហាព្រំដែន ប៉ុន្តែកម្ពុជាបែរជាបានពង្រាយទ័ព និង ដាក់គ្រាប់មីននៅតំបន់ជម្លោះ ព្រមទាំងឱ្យប្រជាជនមកអុកឡុកនៅប្រាសាទតាមាន់ធំ។ បញ្ហាក៏ចេះតែតានតឹងទៅៗ រហូតដល់ខាងថៃសម្រេចចិត្តបិទប្រាសាទ រួចខាងកម្ពុជាក៏បានបង្កការប៉ះទង្គិចមកលើខាងថៃ។
ដោយឡែក លោកអគ្គមេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បានត្រៀមរៀបចំឱ្យមានក្រុមអនុព័ន្ធយោធាការពារ (DA TEAM) និង ក្រុមត្រួតពិនិត្យអាស៊ាន ដើម្បីសង្កេតមើលបទឈប់បាញ់ និង រាយការណ៍ពីស្ថានការណ៍ទៅកាន់អាស៊ាន។ ក្នុងនោះ លោកក៏បានសង្កត់ធ្ងន់ទៅលើគោលដៅសន្តិភាពផងដែរ សម្រាប់ប្រទេសទាំងពីរ ១. គឺត្រូវឈប់បាញ់ជាបន្ទាន់ ២. ហាមបន្ថែមកម្លាំងទាហាន ៣. ផ្តោតលើកិច្ចសហប្រតិបត្តិការមនុស្សធម៌ និង វេជ្ជសាស្រ្ត ៤. លើកទឹកចិត្តឱ្យមានការសន្ទនាក្រៅផ្លូវការដើម្បីកសាងទំនុកចិត្ត៕
ប្រភព៖ Khaosod