នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីជូនដំណឹងឱ្យបានដឹងថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី ២១ ឈ្មោះ ម៉ាតម៉ូ (Matmo) T2521 ដែលមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ហើយបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និង លើព្រះរាជាណាចក្រកម្ពុជា ខណៈគន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ មានលក្ខណៈដូចតទៅ៖
១. តំបន់វាលទំនាប
ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និង រាជធានីភ្នំពេញ អាចមានបរិមាណទឹកភ្លៀងកើនឡើង និង មានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០%។
២. តំបន់ខ្ពង់រាប
ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានបរិមាណទឹកភ្លៀងកើនឡើង និង មានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣៥%។
៣. តំបន់មាត់សមុទ្រ
ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានបរិមាណទឹកភ្លៀងកើនឡើង និង មានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥%។ រលកសមុទ្រមានកម្ពស់ខ្ពស់ជាងធម្មតា ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,៧៥ ម៉ែត្រ៕
សូមអានសេចក្ដីលម្អិត ៖