នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ១ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និង សង្កាត់ស្ទឹងមានជ័យទី ១ ដឹកនាំដោយ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី ១ បានអនុវត្តន៍ច្បាប់ចរាចរណ៍ចំពោះអ្នកជិះបញ្រ្ចាសទិស នៅលើកំណាត់ផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី ១។
តាមរយៈសាលាសង្កាត់ស្ទឹងមានជ័យបានឱ្យដឹងថា ការអនុវត្តច្បាប់ចរាចរណ៍ចំពោះអ្នកជិះបញ្រ្ចាសទិស នៅលើកំណាត់ផ្លូវ ២១៧ នេះ ជាលទ្ធផលឃាត់បានមធ្យោបាយបញ្ច្រាស ដែលមានម៉ូតូចំនួនសរុប ០៨ គ្រឿង យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ១ រង់ចាំចំណាត់ការជំនាញបន្ដ ខណៈការអនុវត្តចប់សព្វគ្រប់នៅវេលាម៉ោង ០៨:១៥ នាទី ថ្ងៃខែឆ្នាំដដែល។
សូមរំឭកផងដែរថា កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ សាលាសង្កាត់ស្ទឹងមានជ័យ ធ្លាប់បានជូនដំណឹងរួចមកហើយថា ចាប់ពីទី ៦ កុម្ភៈ ឆ្នាំ ២០២៥ អ្នកជិះបញ្ច្រាសផ្លូវ នឹងត្រូវគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី ១ អនុវត្តដកហូតម៉ូតូ រក្សាទុកនៅប៉ុស្តិ៍ ព្រោះថាកន្លងមកអាជ្ញាធរមានសមត្ថកិច្ច ធ្លាប់បានធ្វើការអប់រំណែនាំច្រើនដងមកហើយ៕