(សុខភាព) តើគួរញ៉ាំអ្វីទៅនៅពេលអ្នកមានជំងឺផ្តាសាយ
បើសិនជាអ្នកកំពុងតែមានជំងឺផ្តាសាយ អ្នកប្រហែលជាឆ្ងល់អំពីររបបអាហារដែលគួរញ៉ាំហើយ ។ ដូច្នេះតើអ្នកគួរញ៉ាំអ្វីខ្លះទៅនៅពេលក្តៅខ្លួនផង ហើយមានរោគសញ្ញាផ្តាសាយថែមទៀតនោះ ? យើងសុទ្ធតែដឹងហើយអំពីថាមពលនៃការធ្វើឱ្យជាសះរបួសរបស់អាហារក្នុងការជំរុញដល់ប្រព័ន្ធភាពស៊ាំ និង ជំនួយឲ្យជំងឺឆាប់ជា ។ ពិតណាស់ជីវជាតិគ្រប់គ្រាន់មានសារៈសំខាន់សម្រាប់ថែរក្សាសុខភាពឱ្យយនៅល្អ ។ ប៉ុន្តែនៅពេលរាងកាយធ្វើសង្គ្រាមជាមួយនឹងរោគសញ្ញាជំងឺផ្តាសាយរយៈពេលច្រើនថ្ងៃដល់ច្រើនសប្តាហ៍ របបអាហារនឹងក្លាយទៅជាជារឿងកាន់តែសំខាន់សម្រាប់បង្កើនល្បឿនដល់ការជាសះស្បើយ ។ ការបន្ថែមនូវវីតាមីន និង ជាតិរ៉ែសំខាន់ៗក្នុងរបបអាហាររឹតតែជារឿងសំខាន់ថែមទៀតដើម្បីជួយបង្កើនភាពរឹងមាំ ។
តើជីវជាតិមានប្រយោជន៍អ្វីខ្លះក្នុងការធ្វើឱ្យរបួសឆាប់ជា ?
ជីវជាតិគឺជាសមាសធាតុពិសេសៗក្នុងអាហារដែលមានសារៈសំខាន់ក្នុងការជួសជុលអ្វីដែលខូចខាតក្នុងខ្លួន លូតលាស់ និង ធ្វើឲ្យមានសុខភាពល្អ ។ ជីវជាតិនោះមានដូចជា វីតាមីន ជាតិរ៉ែ អាស៊ីដអាមីណេ ខ្លាញ់សំខាន់ៗ និង ជាតិទឹកព្រមទាំងប្រភពនៃកាឡូរីដូចជា កាបូអ៊ីដ្រាត ប្រូតេអ៊ីន និង ខ្លាញ់ ។ ជីវជាតិមួយចំនួនឈ្មោះថា Nonessential Nutrients ត្រូវបានបង្កើតឡើងដោយរាងកាយខ្លួនឯង ។ ជីវជាតិផ្សេងៗទៀត (ជីវជាតិសំខាន់ ឬ Essential Nutrients) ត្រូវតែមានក្នុងរបបអាហាររបស់អ្នក ។ រាល់ការកង្វះអាហារូបត្ថម្ភទាំងអស់អាចនាំឲ្យកើតជំងឺបានបើសិនជាគ្មានការព្យាបាលទេ ។
តើអាហារអ្វីខ្លះដែលជួយប្រឆាំងនឹងការបង្ករោគជាមួយជំងឺផ្តាសាយ ?
មិនខ្វល់ថាអ្នកមានជំងឺផ្តាសាយ ឬក៏អត់នោះទេ ជាតិប្រូតេអ៊ីនតែងតែជារឿងសំខាន់ក្នុងការថែរក្សារាងកាយអោយនៅរឹងមាំជានិច្ច ។ ប្រូតេអ៊ីនគឺជារបស់សំខាន់ក្នុងការជួយថែរក្សារាងកាយ និង បង្កើតភាពរឹងមាំ ។ សាច់ សាច់បក្សី ត្រី, អាហារធ្វើពីទឹកដោះគោ ស៊ុត និងសណ្តែក ព្រមទាំងគ្រាប់ធញ្ញជាតិគឺជាប្រភេទដ៏ល្អរបស់ប្រូតេអ៊ីន ។
រដ្ឋបាលចំណីអាហារ និង ឱសថ (FDA) បានណែនាំថា មនុស្សធំត្រូវការញ៉ាំប្រូតេអ៊ីន ៥០ក្រាមក្នុងមួយថ្ងៃ ។ ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូនត្រូវការច្រើនជាងនេះ ។ តាមរយៈការញ៉ាំអាហារសម្បូរជាតិប្រូតេអ៊ីន យើងក៏អាចទទួលបានអត្ថប្រយោជន៍ផ្សេងៗដែរដូចជា វីតាមីន B6 និង B12 ដែលវាទាំងពីរនេះជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំមានសុខភាពល្អ ។
វីតាមីន B6 អាចមានយ៉ាងទូលំទូលាយក្នុងអាហារជាច្រើនដូចជា ដំឡូង ស្ពៃបៃតងចាស់ និង គ្រាប់ធញ្ញជាតិ ។ ប្រូតេអ៊ីនដូចជា សាច់ ទឹកដោះគោ និង ត្រីក៏ផ្ទុកទៅដោយវីតាមីន B12 ដែរក្នុងការពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ។ ជាតិរ៉ែដូចជា សេឡេញ៉ូម និង ស័ង្គសីមានតួនាទីថែរក្សាប្រព័ន្ធភាពស៊ាំឱ្យនៅខ្លាំងក្លា ។ ជាតិរ៉ែទាំងនេះមានក្នុងអាហារសម្បូរប្រូតែអ៊ីនដូចជា សណ្តែក គ្រាប់ធញ្ញជាតិ សាច់ និង សាច់បក្សី ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ WebMD