បើពិនិត្យឃើញកម្រិតអ័រម៉ូនបុរសថយចុះ ត្រូវប្រយ័ត្ន ព្រោះអាចជាសញ្ញាឈានទៅរក…
ការធ្លាក់ចុះកម្រិតទាបនៃអ័រម៉ូនតេស្តូស្តេរ៉ូនចំពោះបុរស មានការផ្សារភ្ជាប់ទៅនឹងការឈានទៅកើតជំងឺរ៉ាំរ៉ៃមួយចំនួនដូចជាជំងឺទឹកនោមផ្អែម និង ជំងឺលើសឈាម ជាពិសេសក្នុងចំណោមបុរសដែលមានអាយុលើសពី ៤០ ឆ្នាំឡើងទៅ ។ អ្វីដែលសំខាន់កម្រិតអ័រម៉ូននេះ មានការផ្សារភ្ជាប់ជាមួយនឹងសុខភាពផ្លូវភេទ និង ថាមពលសាច់ដុំរាងកាយទាំងមូលផងដែរ ។
ក្រុមអ្នកស្រាវជ្រាវបានពិនិត្យលើអត្រានៃជំងឺរ៉ាំរ៉ៃជាច្រើន ដែលបណ្តាលមកពីការថយចុះនូវកម្រិតអ័រម៉ូនបុរស រួមមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺរលាកសន្លាក់ ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺសួត ជំងឺលើសជាតិខ្លាញ់ (triglycerides) ជំងឺហឺត ជំងឺលើសឈាម និង ជំងឺធ្លាក់ទឹកចិត្តជាដើម ក្នុងចំណោមបុរសជាង ២០០០ នាក់ ដែលមានអាយុយ៉ាងហោចណាស់ចាប់ពី ២០ ឆ្នាំឡើងទៅ ។
លទ្ធផលនៃការស្រាវជ្រាវនេះបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ journal Scientific Reports គឺពិតជាបានបង្ហាញឱ្យដឹងនូវការថយចុះនៃកម្រិតនៃអ័រម៉ូនពិតជាប៉ះពាល់ដល់សុខភាពបុរស និង ឈានទៅកើតជំងឺរ៉ាំរ៉ៃផ្សេងៗជាច្រើន ៕ សុផល (ប្រភព៖ sciencedaily.com)