ចង់បានកូន តែមិនប្រយ័ត្នពីរបបអាហារ អាចធ្វើឱ្យកូនដែលកើតមកមានជំងឺ…
យោងតាមការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តីស្រាវជ្រាវ Lancet បានឱ្យដឹងថា ក្រៅពីការជក់បារី និង ផឹកស្រា ដែលប៉ះពាល់ដល់សុខភាពខ្លួនឯងហើយនោះ ឪពុកម្តាយដែលគ្រោងមានកូននៅពេលខាងមុខគួរយកចិត្តទុកដាក់បន្តិច ព្រោះថាកូនរបស់ពួកគេក៏អាចប្រឈមនឹងផលប៉ះពាល់យូរអង្វែងនៃសុខភាពរបស់ពួកគេផងដែរ ។
តាមរយៈការស្រាវជ្រាវនេះក៏ចង់បង្ហាញដែរថា របបអាហារមិនល្អ និង ឥរិយាបថនៃការទទួលទានជាតិអាល់កុលខ្ពស់ ជាតិកាហ្វេអ៊ីនច្រើន របបអាហារខ្លាញ់ និង កង្វះអាហារូបត្ថម្ភ របស់ឪពុកម្តាយ អាចបង្កើនហានិភ័យនៃការកើតជំងឺគាំងបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល, ជំងឺទឹកនោមផ្អែម, ជំងឺស្ត្រេស និង បញ្ហាប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទផ្សេងចំពោះកុមារនៅពេលធំដឹងក្តី ។
ការស្រាវជ្រាវបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការយល់ដឹងកាន់តែច្រើនអំពីសុខភាព និង ការណែនាំឱ្យមានភាពប្រសើរឡើងដោយផ្តោតការយកចិត្តទុកដាក់ទៅលើរបបអាហារ និង អាហារូបត្ថម្ភដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខភាពមនុស្សជំនាន់ក្រោយ ។
លទ្ធផលនៃការិក្សានេះ គេបានវិភាគទៅលើឪពុកម្តាយមានអាយុចាប់ពី ១៨ ទៅ ៤២ ឆ្នាំនៅក្នុងប្រទេសអង់គ្លេស និង អូស្ត្រាលី ដោយក្នុងចំណោមនោះគេបានរកឃើញថា ស្ត្រីមានផ្ទៃពោះភាគច្រើនទទួលរងបញ្ហាកង្វះអាហារូបត្ថម្ភ ៕ សុផល (ប្រភព៖ zeenews.com)