មកដល់រាត្រីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដំណើរការប្រកួតលើឆាកអន្តរជាតិ Miss Universe 2025 របស់បវរកញ្ញាកម្ពុជា ហ្វីយ៉ាតា កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាចាប់អារម្មណ៍ចែករំលែកខ្លាំង ខណៈកម្មវិធីឈានដល់វគ្គប្រកួតបឋម ដែលបវរកញ្ញារូបនេះ បានដើរបង្ហាញសមត្ថភាពយ៉ាងល្អក្នុងវគ្គនេះ ទាំងឈុតប៊ីគីនី និង ឈុតរាត្រីសមោសរ។


ក្នុងវគ្គប្រកួតបឋមនេះដែរ ចំពោះវីដេអូនៃការដើរបង្ហាញសមត្ថភាពក្នុងឈុតរាត្រីសមោសររបស់ ហ្វីយ៉ាតា កំពុងទទួលបានការសរសើរពេញចិត្តខ្លាំងពីមហាជនកម្ពុជា ជាមួយនឹងភាពជឿជាក់លេចធ្លោរបស់នាង ទាំងការតុបតែងមុខ និង ឈុតរាត្រីសមោសរដ៏ប្រណីត ដែលបានដើរបោះជំហានមួយៗពេញដោយទំនុកចិត្តបំផុតលើឆាកអន្តរជាតិដ៏អស្ចារ្យនេះ។



បើចាប់អារម្មណ៍លើឈុតរាត្រីសមោសរដ៏ប្រណីតរបស់អ្នកនាង ហ្វីយ៉ាតា ដែលបានគ្រងដើរបង្ហាញសមត្ថភាពយ៉ាងលេចធ្លោយប់មិញនេះ ជាឈុតរចនាម៉ូដឡើងរំលេចត្បូងដ៏ចែងចាំង ដាំត្បូងមួយគ្រាប់ៗលើឈុតមានភាពស្រស់ស្អាតប្រណីត និង ជាស្នាដៃច្នៃម៉ូដដោយ Sokchea Tailor ដែលតាមរយៈការបង្ហោះរបស់បវរកញ្ញារូបនេះ បានឱ្យដឹងថាឈុតនេះ មានទម្ងន់រហូតដល់ទៅ ១២ គីឡូឯណោះ ព្រមទាំងមានអត្ថន័យដ៏ល្អទៀតផង។




ក្នុងនោះ បវរកញ្ញា ហ្វីយ៉ាតា បានបង្ហោះពីអត្ថន័យនៃឈុតរាត្រីសមោសរដ៏ប្រណីតនេះថា ៖ «12 kg gown on me + High heels.. The Billion-Star Gown ភ្លឺចែងចាំងដូចចក្រវាលនៃក្តីសុបិន។ រ៉ូបនេះ ត្រូវបានតុបតែងយ៉ាងល្អិតល្អន់ជាមួយនឹងត្បូងពេជ្រភ្លឺចែងចាំងរាប់ពាន់លានគ្រាប់ រាល់ត្បូងពេជ្រនីមួយៗឆ្លុះបញ្ចាំងពីពន្លឺនៃព្រលឹងកម្ពុជា និង តំណាងឱ្យផ្កាយនីមួយៗនៅលើមេឃកម្ពុជារបស់យើង ក្តីសង្ឃឹមនីមួយៗ ក្តីសុបិននីមួយៗ សំឡេងនីមួយៗ។ យើងទៅកាន់ឆាកចក្រវាល លើកទី 74 I’m actually proud of myself»៕








