កុំមើលស្រាល! បើនៅសុខៗមានសញ្ញាទាំង ៧ នេះ អ្នកកំពុងមានជំងឺបាក់ទឹកចិត្តរួមរឹតកាយហើយ
ក្រៀមក្រំមិនដូចទៅនឹងការបាក់ទឹកចិត្តទេ។ ជាទូទៅជំងឺបាក់ទឹកចិត្តត្រូវបានគេនិយាយយ៉ាងធូរលុង ដោយគ្រាន់តែពណ៌នាពីអារម្មណ៍ក្រៀមក្រំរបស់ខ្លួនបន្តិចបន្តួចពីរឿងរ៉ាវអ្វីមួយទាំងដែលធាតុពិតការបាក់ទឹកចិត្តដ៏ពិតប្រាកដ គឺមានរោគសញ្ញា និង អាការជាក់លាក់របស់វា ដើម្បីបញ្ជាក់ឱ្យយើងដឹងថាតើយើងមានជំងឺនេះ ឬ មិនមាន។
ខាងក្រោមនេះ គឺជាសញ្ញាទាំង ៧ ដែលបង្ហាញឱ្យឃើញថា អ្នកកំពុងមានជំងឺ Depression ៖
១. បាត់បង់ក្ដីសង្ឃឹម
ការគិតដែលគ្មានសង្ឃឹម គឺជាជំងឺធ្លាក់ទឹកចិត្ត ដែលតែងតែជះឥទ្ធិពលដល់អារម្មណ៍របស់អ្នកចំពោះជីវិតទូទៅ។ ទស្សនៈវិស័យគ្មានសង្ឃឹមលើជីវិតរបស់អ្នក គឺជារោគសញ្ញាទូទៅបំផុតនៃការធ្លាក់ទឹកចិត្ត។ ទន្ទឹមនឹងនោះ អារម្មណ៍ផ្សេងទៀតដែលកើតឡើងដដែលៗក្នុងជីវិតរបស់អ្នក អាចជាភាពគ្មានតម្លៃ ស្អប់ខ្លួនឯង ឬ យល់ថាខ្លួនឯងគ្មានតម្លៃ មានកំហុសមិនសមរម្យ ជាដើម ដែលសកម្មភាពទាំងនេះហើយ នឹងនាំអ្នកឱ្យក្លាយទៅជាបុគ្គលបាក់ទឹកចិត្ត។
២. ការថប់បារម្ភ
ជំងឺបាក់ទឹកចិត្ត គឺកើតឡើងមកពីការថប់បារម្ភ ដែលក្នុងនោះរោគសញ្ញានៃ ការថប់បារម្ភ មានដូចជា ៖
-ឆាប់ភ័យ ឬ តក់ស្លុត
-មានអារម្មណ៍ថាមិនស្រួល ឬ តានតឹង
-មានអារម្មណ៍ ស្លន់ស្លោ
-ចង្វាក់បេះដូងលោតញាប់ ដកដង្ហើមញឹក និង បែកញើស
-មានបញ្ហាក្នុងការផ្ដោតអារម្មណ៍ គិតអ្វីផ្សេងមិនចេញក្រៅពីរឿងដែលខ្លួនកំពុងព្រួយបារម្ភ។
៣. បាត់បង់ចំណាប់អារម្មណ៍
ជំងឺបាក់ទឹកចិត្តអាចយកភាពរីករាយ និង រឿងរ៉ាវសប្បាយចេញពីអ្វីដែលធ្លាប់អ្នកស្រឡាញ់។ ការបាត់បង់ចំណាប់អារម្មណ៍ ឬ ការដកខ្លួនចេញពីសកម្មភាពដែលអ្នកធ្លាប់ទន្ទឹងរង់ចាំ ដូចជាលែងចង់លេងកីឡាដែលអ្នកចូលចិត្ត និង លែងចង់ចេញទៅក្រៅជាមួយមិត្តភក្តិ ជាដើម។ សកម្មភាពទាំងនេះ អាចបង្ហាញថាអ្នកកំពុងឈានចូលដំណាក់កាលបាក់ទឹកចិត្ត។
៤. ឆាប់អស់កម្លាំង និង មានបញ្ហាជាមួយនឹងការគេង
ពេលខ្លះមូលហេតុដែលអ្នកអាចឈប់ធ្វើអ្វីៗដែលអ្នកពេញចិត្ត គឺដោយសារតែអ្នកមានអារម្មណ៍ថាគ្មានកម្លាំង។ ជំងឺបាក់ទឹកចិត្តច្រើនតែកើតឡើងដោយកង្វះថាមពល និង អារម្មណ៍អស់កម្លាំងល្វឹងល្វើយ ដែលធ្វើឱ្យអ្នកលែងចង់ធ្វើអ្វីទាំងអស់ ក្រៅពីសំងំនៅម្នាក់ឯង និង គិតតែពីគេងលង់លក់ច្រើន។ ទន្ទឹមនឹងនោះ ការគេងមិនលក់ក៏ជាផ្នែកមួយនៃជំងឺបាក់ទឹកចិត្តដែរ ដែលអាចធ្វើឱ្យអ្នកគិតច្រើន ព្រួយបារម្ភច្រើន និង ខ្វះគុណភាពការគេងសម្រាក ក៏អាចនាំឱ្យមានការថប់អារម្មណ៍ផងដែរ។
៥. ចំណង់អាហារ និង ទម្ងន់មានការប្រែប្រួល
ជាទូទៅទម្ងន់ និង ចំណង់អាហារអាចប្រែប្រួលចំពោះអ្នកមានជំងឺបាក់ទឹកចិត្ត ដែលបទពិសោធនេះអាចខុសគ្នាសម្រាប់មនុស្សម្នាក់ៗ ។ មនុស្សមួយចំនួននឹងមានចំណង់អាហារកើនឡើង និង ឡើងទម្ងន់ រីឯអ្នកផ្សេងទៀតនឹងមិនឃ្លានហើយនឹងស្រកទម្ងន់។ តាមការសិក្សាបានឱ្យដឹងថា ការប្រែប្រួលនេះ បើជាចេតនាគឺមិនមែនជាជំងឺបាក់ទឹកចិត្តឡើយ ប៉ុន្តែបើមិនជាចេតនាទេ នោះបង្ហាញឱ្យឃើញថា វាជារោគសញ្ញានៃជំងឺបាក់ទឹកចិត្ត ។
៦. មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន
បរិយាកាសនៅខាងក្រៅធម្មតាគ្មានការប្រែប្រួល តែអារម្មណ៍នៅក្នុងខ្លួនរបស់អ្នកមានការប្រែប្រួលមិនអាចគ្រប់គ្រងបាន ដោយមួយភ្លែតខឹង មួយភ្លែតយំ ផ្លាស់ប្ដូរឡើងចុះឥតដែនកំណត់ ដែលសកម្មភាពនេះហើយ ជាផ្នែកមួយនៃរោគសញ្ញាជំងឺបាក់ទឹកចិត្ត។
៧. គិតឃើញតែពីការស្លាប់ ដើម្បីបញ្ចប់បញ្ហា
ជួនកាលជំងឺបាក់ទឹកចិត្ត គឺផ្សារភ្ជាប់ជាមួយនឹងការធ្វើអត្តឃាត។ មនុស្សដែលស្លាប់ដោយសារការធ្វើអត្តឃាត ច្រើនតែបង្ហាញរោគសញ្ញាជាមុន ដែលជារឿយៗគេនឹងនិយាយអំពីវា ឬ ធ្វើឱ្យមានការប៉ុនប៉ងសិន មុននឹងឈានដល់ការបញ្ចប់ជីវិតរបស់ពួកគេ ដែលការបញ្ចប់ជីវិតរបស់ពួកគេភាគច្រើនជារឿងតូចចិត្ត មានបញ្ហាច្រើនបែបយ៉ាង និង យល់ថាខ្លួនឯងមិនសាកសមក្នុងស្ថានការអ្វីមួយ៕