គិតមកដល់ពេលនេះ មានរយៈពេលប្រមាណជា ៦ ឆ្នាំមកហើយ ដែល នាយ ព្រែក បានប្រកាសមើលចិត្តថ្លើមគ្នាជាគូស្នេហ៍នឹងតារាសម្ដែងស្រីវ័យក្មេងពោរពេញដោយទេពកោសល្យ កញ្ញា ឈិន មុន្នីនាថ ហើយចំណងស្នេហ៍ច្រើនឆ្នាំមកនេះ អ្នកទាំងពីរកម្រលេចឮព័ត៌មានរកាំរកូសណាស់ ដែលធ្វើឱ្យមហាជនជាច្រើនទន្ទឹងរង់ចាំមើលថ្ងៃមង្គលរបស់ពួកគេទាំងពីរយ៉ាងខ្លាំង។
ប៉ុន្មានឆ្នាំចុងក្រោយនេះ គេកត់សម្គាល់ឃើញមិត្តភក្ដិស្របាលៗគ្នានឹង នាយព្រែក ដូចជាអ្នកនាង សុភ័ក្រ កុសុមៈ, អ្នកនាង រ៉ាប៊ី ក៏ដូចជាអ្នកនាង ទេព បូព្រឹក្ស បានរៀបការសាងគ្រួសារដ៏មានសុភមង្គលជាមួយគូស្នេហ៍រៀងៗខ្លួនអស់ទៅហើយ ដែលធ្វើឱ្យ នាយព្រែក ជ្រួលច្របល់ក្នុងចិត្តចង់មានថ្ងៃល្អជាមួយគូស្នេហ៍ដូចមិត្តសម្លាញ់ដែរ។
នៅក្នុងកិច្ចសម្ភាស៍មួយកាលពីដើមខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ នាយព្រែក បានបង្ហើបឱ្យដឹងថា លោកប្ដេជ្ញាថានឹងចូលរោងការក្នុងឆ្នាំនេះឱ្យបាន ដោយលោកបានកក់ម៉ូដសម្លៀកបំពាក់ពីសំអាងការរួចរាល់ហើយចំតែថ្ងៃល្អមកដល់ប៉ុណ្ណោះ ចំណែកឯកូនក្រមុំគឺត្រូវតែជាកញ្ញា ឈិន មុន្នីនាថ តែម្នាក់គត់ ព្រោះនាងជានារីស្លូតបូត សុភាពរាបសា ហើយចំណុចសំខាន់គឺអត្តចរិតរបស់អ្នកទាំងពីរអាចរស់នៅចុះសម្រុងគ្នា ចេះអន់ឱនឱ្យគ្នាទៅវិញទៅមក៕