នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានជូនដំណឹងពីករណីឃាត់ខ្លួនជនសង្ស័យមួយរូប ឈ្មោះ យុន ស៊ីវមិញ (អាម៉ី) ភេទស្រី អាយុ ៣២ ឆ្នាំ ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បានបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។
ការបញ្ជូនខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងបន្ទាប់ពីនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ រី រីណា ភេទស្រី អាយុ ៣៦ ឆ្នាំ រស់នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ យុន ស៊ីវមិញ (អាម៉ី) ភេទស្រី អាយុ ៣២ ឆ្នាំ រស់នៅភូមិតាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្តីពីករណីលួច (ប្រាក់តាម QR កូដធនាគារ) កាលពីវេលាម៉ោង ០១ និង ៤០ នាទី ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ ដោយជនរងគ្រោះបានបាញ់ប្រាក់ថ្លៃឈ្នួលម៉ូតូឌុបតាមរយៈ QR កូដធនាគារវីង ដែលមានឈ្មោះ SIVMINH YUN ដែលថ្លៃឈ្នួលម៉ូតូឌុបតែ ១០,០០០ រៀល តែជនរងគ្រោះច្រឡំបាញ់ទៅចំនួន ១,០០០ ដុល្លារ ខណៈពេលដែលម្ចាស់គណនីឈ្មោះ SIVMINH YUN ទទួលបានប្រាក់ហើយ មិនព្រមប្រគល់ប្រាក់ឱ្យជនរងគ្រោះវិញ ហើយបានរត់គេចខ្លួន។
ក្រោយពីទទួលបានពាក្យបណ្ដឹងរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យុន ស៊ីវមិញ (អាម៉ី) ភេទស្រី អាយុ ៣២ ឆ្នាំ នៅចំណុចភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីធ្វើការសួរនាំ ទើបជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទទួលលុយ ១០០០ ដុល្លារ របស់ជនរងគ្រោះពិតប្រាកដមែន ហើយខ្លួនបានគេចខ្លួនយកលុយនោះទៅសងគេ និង លេងល្បែងអស់។
ដោយផ្អែកលើចម្លើយសារភាពបែបនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី៕