គិតមកដល់ពេលនេះ រយៈពេលជាង ១ ឆ្នាំហើយ ដែលពិធីការិនី សុភ័ក្រ្ត កុសុម៉ា បានចូលរោងការជាមួយស្វាមីរូបសង្ហា និង ចាប់ដៃគ្នាសាងគ្រួសារយ៉ាងមានក្ដីសុខក្រោមឈ្មោះជាប្ដីប្រពន្ធដ៏ផ្អែមល្ហែម តែងស្ដែងឱ្យមហាជនបានឃើញ និង លួចច្រណែន។

ក្រោយរៀបការសាងគ្រួសារជាង ១ ឆ្នាំនេះ ក្រៅពីបង្ហាញភាពផ្អែមល្ហែមក្នុងជីវិតប្ដីប្រពន្ធ សុភ័ក្រ្ត កុសុម៉ា ក៏តែងបង្ហាញសកម្មភាពចាប់ដៃគ្នាជាមួយស្វាមីធ្វើការយ៉ាងមមាញឹករៀងខ្លួន ដោយស្របពេលរៀបការមានស្វាមី អ្នកនាងក៏កាន់តែក្ដោបបានសន្ទុះទីផ្សារខ្លាំង ការងារហូរចូលរកចំណូលបានកាន់តែច្រើន ខណៈទទួលបានការគាំទ្រផ្ដល់កម្លាំងពីស្វាមីផងដែរ។

ដោយឡែក ក្រោយគម្រប់ខួបអាពាហ៍ពិពាហ៍ ១ ឆ្នាំ ដ្បិតតែជួបរឿងសោកស្ដាយខ្លះក្នុងជីវិតប្ដីប្រពន្ធរបស់អ្នកទាំងពីរ តែមកដល់ថ្មីៗនេះ អ្នកនាង កុសុម៉ា ក៏បានបង្ហោះពីរឿងដ៏អបអរថ្មីទៀត គឺបានបើកបង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយត្រៀមចូលនៅសាងគ្រួសារជាមួយស្វាមី ដែលជាផ្ទះទិញពីញើសឈាមរបស់អ្នកនាង ខំធ្វើការរកលុយសម្រេចតាមក្ដីស្រមៃប៉ុន្មានឆ្នាំមកនេះ។


ក្នុងនោះ ពិធីការិនី សុភ័ក្រ្ត កុសុម៉ា ក៏បានរៀបរាប់ភ្ជាប់ជាមួយរូបភាពផ្ទះវីឡាយ៉ាងរំភើបថា ៖ «ខ្ញុំបានដើរមកដល់ចំណុចនេះ មិនមែនខ្ញុំខ្លាំងតែឯងទេ ខ្ញុំខ្លាំងព្រោះខ្ញុំមានគ្រួសារ និង ប្តីនៅពីក្រោយជួយខ្ញុំគ្រប់ពេល»៕









