មកដល់ពេលនេះ រយៈពេលជាង ១ ឆ្នាំហើយ ដែលតារាប្រុសសំឡេងផ្អែមលោក ខាយ និង កញ្ញា មុន្នីនាថ បានបញ្ចប់ឈ្មោះជាសង្សារក្លាយជាគូដណ្ដឹង កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ។
ក្នុងនោះ ចាប់តាំងពីប្ដូរឈ្មោះពីសង្សារក្លាយជាគូដណ្ដឹងនឹងគ្នាមក ខាយ និង កញ្ញា មុន្នីនាថ កាន់តែបង្ហាញសេចក្ដីទុកចិត្តលើគ្នា យល់ចិត្ត គិតគូររឿងអនាគតជាមួយគ្នា ជាពិសេសជារឿយៗ គេតែងឃើញអនាគតគូស្វាមីភរិយាដ៏ស័ក្ដិសមមួយគូនេះ បណ្ដើរគ្នាទៅណាមកណាប្រកបដោយស្នាមញញឹម និង ក្ដីស្រឡាញ់ចំពោះគ្នា ធ្វើឱ្យអ្នកជុំវិញខ្លួនលួចច្រណែននឹងគូនេះមិនតិចនោះទេ។ ម្យ៉ាងវិញទៀត ក្រោយពីភ្ជាប់ពាក្យនឹងគ្នាហើយនោះ អ្នកគាំទ្រក៏អន្ទះសាចង់ឃើញ គូដណ្តឹងមួយគូនេះ ដឹកដៃគ្នាចូលរោងការឆាប់ៗផងដែរ។
កន្លងទៅនេះ លោក ខាយ និង គូដណ្តឹង ក៏បានឱ្យដឹងដែរថា អ្នកទាំងពីរគិតគូររកពេលាល្អដើម្បីរៀបចំពិធីមង្គលការតាមប្រពៃណីហើយ ដោយរៀបចំនៅដើមឆ្នាំ ២០២៥ នេះ នៅគេហដ្ឋានខាងស្រីខេត្តសៀមរាប ចំណែកពេលវេលាច្បាស់លាស់ ពួកគេទាំងពីរសុំលាក់សិន។
យ៉ាងណាមិញ ថ្មីៗនេះ លោក ខាយ និង គូដណ្តឹងបានដឹកដៃគ្នាថតរូប Pre-Wedding ទាំងក្នុង និង ក្រៅស្ទូឌីយ៉ោ មានទាំងបុរាណ និង សម័យ កាន់តែធ្វើឱ្យអ្នកគាំទ្រលើកឡើងថា មង្គលការរបស់ប្រុសសង្ហា ស្រីស្អាតមួយគូនេះ កាន់តែកៀកមកដល់ជាក់ជាមិនខាន។
ជាងនេះទៅទៀត កាន់តែច្បាស់ការហើយ ដោយធៀបការរបស់លោក ខាយ និង គូដណ្តឹង បានធ្វើរួចរាល់ជាផ្លូវការ ដោយអនាគតគូស្វាមីភរិយាគូនេះ នឹងចូលរោងការនៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ នៅឯខេត្តសៀមរាប។
លើសពីនោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្រឡេកទៅមើលធៀបការ លោក ខាយ និង កញ្ញា មុន្នីនាថ មើលទៅពិតជាប្លែកភ្នែកម្យ៉ាង ដោយគូស្នេហ៍មួយគូនេះបានឌីហ្សាញដាក់រូបភាពបែបខ្មែរបុរាណរបស់អ្នកទាំងពីរលើធៀបការតែម្តង៕