បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជិត ១ ឆ្នាំ មកហើយ នៃឃាតកម្មដ៏ឃោរឃៅរបស់ឃាតករចិត្តឆៅ ស្រី ស៊ីណា ដែលបានបាញ់សម្លាប់គូស្នេហ៍ម្ចាស់ហាងថតរូប Stellar Pictures លោក ឡុង លីសុង និង កញ្ញា ឃិន កញ្ចនា កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ។ ក្នុងនោះ ក្រៅពីជនរងគ្រោះជាគូដណ្តឹង ២ រូប ត្រូវបានស្លាប់ ក៏នៅមានជនរងគ្រោះ ២ រូប ទៀត រងរបួសធ្ងន់ ស្រាលផងដែរ។
ដោយឡែក ក្រោយរង់ចាំការកាត់ក្តីជារឿយៗហើយនោះ ស្រាប់តែនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះ ជនរងគ្រោះ ១ រូប ក្នុងចំណោម ២ រូប នៅមានជីវិត បានបង្ហោះសារស្រែករកយុត្តិធម៌ពេញលេញ ខណៈរឿងក្តីត្រូវពន្យារពេល។
ក្នុងនោះ ជនរងគ្រោះមួយរូប ដែលមានឈ្មោះថា No Nak Zer បានរៀបរាប់ថា៖ «ហ៊ឺម! មួយថ្ងៃ ទៅមួយខែ មួយខែ ទៅដល់ឆ្នាំ តើការរង់ចាំរបស់ពួកខ្ញុំពេលណា ទើបទទួលបានយុត្តិធម៌ពេញលេញ? ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ ព្រឹកនេះ ពួកខ្ញុំ ដែលជាជនរងគ្រោះ និង ជនជាប់ចោទដែលជាឃាតករ (ស្រី ស៊ីណា) បានឡើងសាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះក្តីតាមសេចក្តីកោះហៅរបស់តុលាការ។ តែរឿងក្តីរបស់ពួកខ្ញុំ ត្រូវបានពន្យារពេល ដោយសារខាងឃាតករស្នើរសុំខាងតុលាការពន្យារពេលកាត់ក្តីរយៈពេល ១ ខែ ដោយលើកហេតុផលថារកមេធាវីការពារក្តីមិនបាន ទើបតែរកបានមេធាវីការពារក្តីរយៈពេលមុនសវនាការពីរថ្ងៃ មិនអាចយល់ពីសុំនុំរឿងក្តីនេះច្បាស់ ហើយមេធាវីខាងឃាតករ ដែលរកបានមុនពីរថ្ងៃនោះ បានការពារតែក្នុងសំណុំរឿងរំលោភលើលំនៅដ្ឋាន ដោយគ្មានមេធាវីកាន់ក្ដីរឿងក្ដីព្រហ្មទណ្ឌ តែខាងតុលាការក៏មានមេធាវីចាត់តាំងផ្តល់ទៅខាងឃាតករ ដើម្បីធ្វើការជំនុំជម្រះក្តី តែឃាតករមិនទទួលយក ដោយលើកហេតុផលចង់រកមេធាវីដែលខ្លួនពេញចិត្តឱ្យកាន់រឿងក្តីរបស់ខ្លួន។ ដូច្នេះតុលាការ បានពន្យារពេលនឹងលើកថ្ងៃកាត់ក្តីម្តងទៀតទៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥»៕