នៅរសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២១ ដល់ទី ៣១ ខែសីហា ឆ្នាំ ២០២៥ ឱ្យបានដឹងថា យោងតាមការអង្កេត ពិនិត្យ និង វិភាគលើស្ថានភាពធាតុអាកាសក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងរកឃើញថា សម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី និង កម្ពុជា ដែលធ្វើឱ្យធាតុអាកាសនៅប្រទេសកម្ពុជា ផ្ទៃមេឃមានពពកច្រើន និង មានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយ ផ្គររន្ទះ និង ខ្យល់កន្ត្រាក់ ដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស។
ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥ មានលក្ខណៈដូចតទៅ៖
១. តំបន់វាលទំនាប
ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និង រាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤៥%។
២. តំបន់ខ្ពង់រាប
ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥៥%។
៣.តំបន់មាត់សមុទ្រ
ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,៧៥ ម៉ែត្រ។
យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវទឹក ខណៈក្រសួងនឹងបន្តធ្វើការតាមដាន និង វិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖